អាជ្ញាធរខេត្តស្ទឹងត្រែងរំលឹកឱ្យក្រុមយុវជនបង្កើនការងារប្រយុទ្ធប្រឆាំងនិងបង្ការកុំឲ្យឆ្លងជំងឺអេដស៍

វិទ្យុជាតិកម្ពុជា​៖​ លោក អ៊ាន គឹមហឿន ប្រចាំនៅស្ទឹងត្រែង៖

អាជ្ញាធរ ខេត្តស្ទឹងត្រែងបានរួមគ្នាពង្រឹងការអនុវត្តយុទ្ធវិធីបង្ការការឆ្លងមេរោគអេដស៍ ជាពិសេសចលនាឱ្យក្រុមយុវជនត្រូវដើរតួនាទីសំខាន់ដើម្បីរួមគ្នាលុបបំបាត់ជម្ងឺនេះឲ្យបាននៅឆ្នាំ២០២៥។
ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍ក្រោមប្រធានបទ «យើងរួមគ្នាបញ្ជាប់បញ្ហាអេដស៍នៅឆ្នាំ២០១៥)»នៅសាលាខេត្តស្ទឹងត្រែងថ្ងៃទី១១ធ្នូឆ្នាំ២០១៨នេះលោកយង់ សុវឌ្ឍនា អភិបាលរងខេត្ត មានប្រសាសន៍ថា បញ្ហាជម្ងឺអេដស៍នៅតែជាការព្រួយបារម្ភនៅឡើយដោយសារតែយុវវ័យ និងក្រុមមនុស្សមួយចំនូនប្រកាន់នូវភាពខ្មាស់អៀន មិនព្រមសម្រេចចិត្តចូលខ្លួនមកធ្វើតេស្តឈាមរកមេរោគអេដស៍ ជាពិសេសយុវវ័យបំរើសេវាកំសាន្ត។លោកបន្តថា៖បញ្ហានេះសុំឱ្យក្រុមយុវជនត្រូវដើរតួទាំងអស់គ្នាអប់រំមិត្តភ័គ្រផងប្រុងប្រយ័ត្នផងធ្វើឱ្យមានប្រសិទ្ធភាពដើម្បីលុបបំបាត់ឲ្យបានទាំងស្រុងនៅឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិតទនវុទ្ធីអនុប្រធានមន្ទីរសុខាភិបាលខេត្តសឹ្ទងត្រែងបានបញ្ជាក់ថាៈដើម្បីទទួលជោគ
ជ័យលើការលប់បំបាត់ជម្ងឺនេះមន្ទីរសុខាភិបាលខេត្តមានសេវាផ្តល់ប្រឹក្សានិងធ្វើតេស្តឈាមរកមេរោគអេដស៍និងមេរោគស្វាយដោយជោះឈាមពីចុងម្រាមដៃ(HTC)ចំនួន១៣កន្លែងដោយមិនបាច់បង់ប្រាក់។

លោកទុយហ៊ានអ្នករស់នៅជាមួយមេរោគអេដស៍នៅក្រុងស្ទឹងត្រែងបានបញ្ជាក់ថា៖នេះជាសារមួយសំរាប់ឱ្យយើងទាំងអស់គ្នាចូលរួមដោយលះបង់នៅភាពខ្មះអៀនព្រោះការអប់រំផ្សព្វផ្សាយបងប្អូនប្រជាពលរដ្ឋនៅតាមភូមិក៍បានដឹងហើយដែរ។

សូមបញ្ជាក់ថា៖នៅខេត្ដស្ទឹងត្រែងមានអ្នករស់នៅជាមួយមេរោគអេដស៍កំពុងទទួលសេវាថែទាំចំនួន៣៩៥នាក់ហើយនៅឆ្នាំ២០១៨នេះទទួលការធ្វើតេសឈាមបានចំនួន៣៦៣០នាក់ក្នុងនោះមានភាពវិជ្ជមានចំនួន១៦នាក់ថ្មីទៀតហើយមេរោគនេះមិនមានថ្នាំព្យាបាលទេ៕