រដ្ឋសភានឹងបើកកិច្ចប្រជុំដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ វិសោធន៍កម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨

វិទ្យុជាតិកម្ពុជា ៖ ដោយលោកចេម ហួត

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ រដ្ឋសភាកម្ពុជាបានអៈអាងថា ការធ្វើវិសោធន៍កម្មមាត្រា៤៥ ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយ នៅពេលខាងមុខនេះដើម្បីបើកផ្លូវឲ្យគ្រប់អ្នកនយោបាយ​ដែល​ជាប់បំរាម មិនអាចធ្វើនយោបាយ ឲ្យសិទ្ធិអាចធ្វើសកម្មភាពនយោបាយឡើងវិញស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ។

ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍នៃរដ្ឋសភាដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី ១១ខែធ្នូនេះ ឯកឧត្តម ឈាង វុន សមាជិកអចិន្ត្រៃយ៍រដ្ឋសភាបានប្រាប់អ្នកសាព័ត៌មានថា ការធ្វើវិសោធន៍កម្មមាត្រា៤៥ ថ្មីនេះដើម្បីផ្តល់សិទ្ធិដល់នាយករដ្ឋមន្រ្តី ស្នើព្រះមហាក្ស​ត្រ ផ្តល់នីតិសម្បទាឡើងវិញលើបុគ្គល ឬគណបក្សនយោបាយណាមួយ ដែលត្រូវតុលាការកំពូល ចេញសាលដីការសម្រេចហាមឃាត់ធ្វើសកម្មភាពនយោបាយ ក្នុងរយៈពេលកំណត់ណាមួយ។

ឯកឧត្តម បញ្ជាក់ថា ការធ្វើវិសោធន៍នកម្មច្បាប់នេះ មិនសំដៅតែដោះបន្ទុកអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិតែមួយនោះទេ ពោលគឺអនុវត្តន៍គ្រប់អ្នកនយោបាយទូទៅ។

សូមបញ្ជាក់ថា កិច្ចប្រជុំគណកម្មការអចិន្រ្តៃយ៍នៃរដ្ឋសភានាព្រឹកមិញនេះ បានកំណត់យកថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨ដើម្បីបន្តសម័យប្រជុំ លើកទី១ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេច ពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ ស្តីពីការធ្វើវិសោធន៍កម្មមាត្រា៤៥ ថ្មីនៃច្បាប់ស្ដីពីគណបក្សនយោបាយ និងសេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ចផងដែរ៕