មន្ទីរកសិកម្មខេត្តព្រះវិហារផ្តល់បច្ចេកទេសដាំបន្លែសុវត្ថិភាពដល់កសិករនៅស្រុករវៀង

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែន សុវុទ្ឋី ៖​ 

មន្ទីរកសិកម្មខេត្តព្រះវិហារលើកកម្ពស់ការផ្តល់បច្ចេកទេសដាំបន្លែសុវត្ថិភាពដល់ប្រជាកសិករនៅស្រុករវៀង ដើម្បីជួយបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាកសិករ បន្ទាប់ពីប្រមូលផលស្រូវរួចរាល់។ 

លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានប្រាប់វិទ្យុជាតិកម្ពុជាថា មន្ទីរបានជំរុញការដំាដំណាំបន្លែសុវត្ថិភាពដូចជា សណ្តែកគួ ស្ពៃក្រញាញ់ ត្រសក់ និងបន្លែមួយចំនួនទៀត ដោយសារតែបន្ថែទំាងនេះវាមាន តម្រូវការខ្ពស់លក់បានថ្លៃ។

លោកបានបន្តថា  ក្រុមការងារជំនាញរបស់មន្ទីរកសិកម្មខេត្តបានចុះផ្តល់បច្ចេកទេសដាំបន្លែ ដល់ប្រជាពលរដ្ឋ អោយចេះប្រើប្រាស់ដី ការរៀបចំប្រព័ន្ធទឹកសំរាប់ការស្រោចស្រពដោយសន្សំសំចៃទឹក ការប្រើប្រាស់ជីបំប៉ន រឺថ្នាំការពារសត្វល្អិតតាមគោលការណ៍ធម្មជាតិ ដែលធ្វើអោយដំណាំរីកលូតលាស់ល្អ ទទួលបានទិន្នផលខ្ពស់ចំណាយដើម ទុនទាប។ 

លោកបន្ថែមថា  ការដាំបន្លែនេះ បានធ្វើអោយប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុន កាត់បន្ថយការធ្វើចំណាកស្រុកក្រោយពេលដែលរដូវប្រមូលផលស្រូវរួច ព្រោះថា បន្លែគឺជាតម្រូវការហូបចុករបស់ប្រជាពលរដ្ឋទូទៅដែលមិនអាចខ្វះបាន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅក្នុងស្រុករវៀងខេត្តព្រះវិហារមានប្រជាកសិករចំនួន៤សហគមន៍ បានរួមគ្នាដំណាំបន្លែសុវត្ថិភាពទៅតាមតម្រូវការទីផ្សារ និងសម្រាប់ការហូបចុកក្នុងជីវភាពប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋ៕