មន្រ្តីវៀតណាមគូសបញ្ជាក់អំពីវឌ្ឍនភាពនៃទំនាក់ទំនង ការពារជាតិរវាងវៀតណាម និងសហភាពអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ — កាលពីថ្ងៃទី១០ ខែធ្នូ កិច្ចអភិវឌ្ឍនៅក្នុងទំនាក់ទំនងរវាងវៀតណាម និងសហភាពអឺរ៉ុប ជាពិសេសនៅក្នុងវិស័យការពារសន្តិសុខត្រូវបានលើកយកមកពិភាក្សាក្នុងអំឡុងពេលនៃកិច្ចប្រជុំរវាងមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិ និងគណៈប្រតិភូនៃនាយកដ្ឋានគ្រប់គ្រង និងផែនការវិបត្តិរបស់សហភាពអឺរ៉ុប (CMPD) នៅទីក្រុងហាណូយ។

នៅក្នុងកិច្ចពិភាក្សានោះ នាយក CMPD លោក Gabor Iklody បាននិយាយទៅកាន់ឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាមថា ទំនាក់ទំនងទ្វេភាគីមានការបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ ដែលរួមទាំងវិស័យសន្តិសុខ និងការពារជាតិផងដែរ។

សហភាពអឺរ៉ុប និងវៀតណាម អាចពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទ្វេភាគី និងពហុភាគី ក៏ដូចជាទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងអាស៊ាន ជាពិសេសនៅពេលវៀតណាមធ្វើជាប្រធានអាស៊ាននៅឆ្នាំ ២០២០។

លោកបាននិយាយថា សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេចក្នុងការជំរុញកិច្ចសហការនៅក្នុងសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយលោកបាននិយាយបន្ថែមថា សក្តានុពលកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ គឺគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការបណ្តុះបណ្តាលបុគ្គលិក និងជំនួយបច្ចេកទេស។

សម្រាប់ភាគីវៀតណាម ឧត្តមសេនីយ៍ឯក Giang បានស្នើសុំឱ្យសហភាពអឺរ៉ុបជួយកងទ័ពវៀតណាមជាមួយសកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីឱ្យប្រទេសនេះអាចបំពេញនូវតម្រូវការនានានៅពេលបំពេញភារកិច្ចនៅបេសកកម្មរបស់ អ.ស.ប ដោយលោកបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនកិច្ចពិភាក្សាស្តីពីចំណងទាក់ទងការពារជាតិនាពេលអនាគត៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)