អតីតសិស្សអន្តេវាសិកដ្ឋានវត្តជោតនារាមវត្តត្រាំខ្នារថ្មីប្រារព្ធពិធីជួបជុំសិស្សគ្រប់ជំនាន់

វិទ្យុជាតិកម្ពុជា៖ អត្ថបទដោយស្រី ផល

កំពង់ស្ពឺ៖ អតីតសិស្សអន្តេវាសិកដ្ឋានវត្តជោតនារាមហៅវត្តត្រាំខ្នារថ្មីបានប្រារព្ធពិធី​​ជួបជុំសិស្ស​​គ្រប់ជំនាន់ ដើម្បីរម្លឹក​​អនុស្សាវរីយ៍ និងដឹង​គុណ​​​ដល់ចាស់ព្រឹទ្ធាចារ្យ និងថ្នាក់ដឹកនាំ​​រាជរដ្ឋា​​ភិបាល ដែល​​បាន​​ផ្តល់​​កន្លែង​​ស្នាក់​នៅ  ម្ហូបអាហារ និង​​ផ្តល់ដំបូន្មានដល់សិស្ស​​គ្រប់ជំនាន់​​រហូត​​​ដល់​​​បាន​​រៀន​​​ចប់ និងមានការងារ ធ្វើគ្រប់ៗ គ្នា ។

ក្រុមអតីតសិស្សអន្តេវាសិកដ្ឋានវត្តជោតនារាមវត្តត្រាំខ្នារថ្មី ស្ថិតនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិប​តី​​ភាព​ឯកឧត្តម ស្រ៊ីថាម រ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី  ,លោកបណ្ឌិត ជាស៊ីហា និង លោកស្រី ឡៅ គីមលាង ដែលជាស្ថាបនិកអន្តេវាសិកដ្ឋានវត្តជោតនារាម ព្រមទាំង​មានការ​ចូលរួម​ពី ឯកឧត្តម ជា យុពា ពិធីការសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា  លោកអភិ​​​បាលស្រុក គងពិសី លោក​មេឃុំ អតីតសិស្ស និងសិស្សដែលកំពង់ស្នាក់នៅទីនេះ ជាច្រើន​​នាក់ផងដែរ។

លោកបណ្ឌិត ជាសីហា ស្ថាបនិកអន្តេវាសិកដ្ឋានវត្តជោតនារាម បានបង្ហាញនូវ​​មោទន​ភាពខ្ពស់​​ ពេលឃើញចៅៗជាអតីតសិស្សនៅទីនេះ បានខិតខំតស៊ូរៀន​សូត្ររហូត​​ទទួល​បាន​​ចំណេះដឹងខ្ពស់ខ្ពស់ពីកំរិតបរិញ្ញាបត្ររហូតដល់អនុបណ្ឌិត ហើយមាន​ការងារធ្វើ​គ្រប់ៗគ្នា​​ទាំង​​​ក្នុងស្ថាប័នរដ្ឋ  និងវិស័យឯកជន។

លោកបណ្ឌិត បានលើកឡើងថា នឹងបន្ត ស្វែងរកអាហារូបករណ៍ ជំនួយពីថ្នាក់​​ដឹកនាំ​​រាជរដ្ឋា​​ភិបាល​​ និង​​សប្បុរសជន​នានា ដើម្បី​ផ្គត់​​ផ្គង់ដល់សិស្សា​នុសិស្សដែល​កំពុងស្នាក់​​នៅ​ក្នុង​​អន្តេវាសិកដ្ឋាននេះបន្តទៀត ។ លោកបណ្ឌិតបានផ្តាំផ្ញើរដល់អតីតសិស្សទាំងអស់ ត្រូវចេះចែករំលែក​​ចំណេះ​ដឹងរបស់ខ្លួនដល់មិត្តភក្តិគ្រប់ជំនាន់ ជាពិសេសត្រូវចេះសាមគ្គីគ្នាជាធ្លង់មួយ​​ដើម្បីចូល​រួម​បន្តជ្រោមជ្រែងអន្តរវាសិដ្ឋាននេះ ឲ្យមាននិរន្តរភាពដើម្បីសិស្សជំនាន់ក្រោយៗទៀត។

ឯកឧត្ត ស្រ៊ីថាម រ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានណែនាំដល់ក្មួយៗ​​ជាអតី​​សិស្ស និងសិស្សដែលកំពុងស្នាក់នៅអន្តេវាសិកដ្ឋាននេះ ត្រូវពង្រឹងសមត្ថ​​ភាពឲ្យកាន់​​តែខ្លាំង​ក្លា ដើម្បីឈានទៅដណ្តើមការងារល្អ និងប្រាក់ខែខ្ពស់ ហើយក្លាយ​​ជាធនធានមនុស្ស​​ដ៏មាន​​សក្តានុពល​​ក្នុងការចូលរួមអភិវឌ្ឍន៍ជាតិ។

លោក ញ៉ាញ់ សេង អ្នកគ្រប់គ្រងទូទៅអន្តេវាសិកដ្ឋានវត្តជោនារាម បានបញ្ជាក់ថា  អន្តេ​​វា​​សិក​​ដ្ឋាន​​វត្ត​​ជោតនារាម ហៅវត្តត្រាំខ្នារថ្មី ស្ថិតនៅឃុំ ស្នំក្រពើ ស្រុក គងពិសី ខេត្តកំពង់​ស្ពឺ​បាន​បង្កើតឡើងឆ្នាំ២០០៤ គិតមកដល់ឆ្នាំ២០១៨នេះ មានរយៈពេល​​១៤ឆ្នាំ មានសិស្ស​មកស្នាក់នៅប្រមាណជាង៣០០នាក់ភាគច្រើន មកពីស្រុកបសេដ្ឋ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង​ស្រុក​​បាទី​​ខេត្តតាកែវ​ ដោយទទួល បានកន្លែង ស្នាក់នៅសមរម្យ , អាហារ បីពេល , ទទួល​បានដំបូ​​ន្មាន​​​​​​​​ល្អៗ​​ពីបញ្ហាសង្គម ចំណេះដឹងទូទៅ  របៀបរបរស់នៅ អនាម័យ ជាពិសេស​បាន​រស់​​​​នៅ​ជិត វិទ្យាល័យ​​ដើម្បីងាយស្រួលទៅរៀនមិនចំណាយពេល​​យូក្នុងការធ្វើដំណើ​រមករៀន​ជា​​ដើម​៕