ប្រធានព្រឹទ្ធសភាជំរុញឲ្យឯកអគ្គរាជទូតថ្មីប្រចាំនៅបរទេសជួយទាក់ទាញភ្ញៀវទេសចរនិងវិនិយោគឲ្យមកកម្ពុជាកាន់តែច្រើន

វិទ្យុជាតិកម្ពុជា៖ ដោយ លោកចេម ហួត

MC៖ប្រធានព្រឹទ្ធសភាជំរុញឲ្យឯកអគ្គរាជទូតថ្មីប្រចាំនៅបរទេសបង្កើនការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគពីប្រទេសដែលខ្លួនកំពុងបំរើការងារឲ្យមកកម្ពុជាកាន់តែច្រើនដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ និងនាំចំណូលចូលសេដ្ឋកិច្ចជាតិឲ្យកាន់តែច្រើន។

ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ​នៃព្រះរាជាណាចក្រកម្ពុជា​ ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើចំពោះឯកឧត្តមត្រូវយកចិត្តទុកដាក់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឲ្យបានល្អដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងព្រះរាជណាចក្រកម្ពុជា ជាមួយនឹងប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល ។ ដើម្បីសម្រេចបំណងនេះ ត្រូវយកចិត្តទុកដាក់ទំនាក់ទំនងល្អជាមួយនឹងបណ្តាស្ថាប័ន និងជាមួយប្រជាជននៃប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែលឲ្យបានល្អប្រសើរ។ បន្ថែមលើនេះត្រូវឲ្យគេយល់អំពីសភាពការណ៍ពិតនៅប្រទេសកម្ពុជា ដើម្បីទាក់ទាញឲ្យគេគាំទ្រប្រទេសកម្ពុជាទាំងខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានផ្តល់អនុសាសន៍សំខាន់ៗ​មួយចំនួនជូនដល់ឯកឧត្តម​ឯកអគ្គរាជ ទូត​ត្រូវសកម្មផ្សព្វផ្សាយ និងបកស្រាយពន្យល់អំពីសភាព​ការណ៍នៅកម្ពុជាជូនដល់សាធារណៈ​មតិជាតិ និងអន្តរជាតិ ជាពិសេស​នៅប្រទេសដែលកំពុង​បំពេញ​ភារកិច្ច។ត្រូវផ្តល់ព័ត៌មានឲ្យបានរហ័សចំពោះសភាពការណ៍នយោបាយក្រៅប្រទេសដែលពាក់ព័ន្ធនឹងប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយក្នុងការទាក់ទាញអ្នកវិនិយោគិន និងភ្ញៀវទេសចរមកកម្ពុជាឲ្យបានកាន់តែច្រើន។

ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ​នៃព្រះរាជាណាចក្រកម្ពុជា​ ប្រចាំនៅប្រទេសអេហ្ស៊ីប និងប្រទេសអ៊ីស្រាអែល បានប្តេជ្ញា​នៅចំពោះមុខ​សម្តេចប្រធានព្រឹទ្ធសភា​​ថា នឹងខិតខំបំពេញភារកិច្ចជាតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។ ឯកឧត្តមបានសន្យាថានឹងខិតខំអនុវត្តតាម​អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់​របស់សម្តេច​ប្រធានព្រឹទ្ធសភា និងខិតខំថែរក្សាផ្សព្វផ្សាយនូវកិត្យានុភាពប្រទេសជាតិ ពង្រឹងពង្រីកទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយនឹងប្រទេសម្ចាស់ផ្ទះ និងឯកអគ្គរាជទូត រដ្ឋទូតប្រទេស​ផ្សេងៗទៀត និងខិតខំទាក់ទាញអ្នក​វិនិយោគិន និង​អ្នកទេសចរ​ឲ្យមកកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕