សហភាពអឺរ៉ុបរៀបចំផែនការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅពេលការបោះឆ្នោតជិតមកដល់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៦.១២.១៨)

អឺរ៉ុប៖ កាលពីថ្ងៃពុធសមាជិកសភារបស់សហភាពអឺរ៉ុបបានស្នើឱ្យបង្កើនការចំណាយថវិកាដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅលើអ៊ីនធឺណិតដោយបង្កើតប្រព័ន្ធព័ត៌មានព្រមានជាមុនមួយសិនដើម្បីដាស់តឿនរដ្ឋាភិបាលនានាឲ្យប្រុងប្រយ័ត្នជាមួយព័ត៌មានផ្សាយតាមបណ្តាញសង្គមនិងជំរុញក្រុមហ៊ុនបច្ចេកវិទ្យាឱ្យបញ្ឈប់ការផ្សាយព័ត៌មានមិនពិតមុនការបោះឆ្នោតនៅឆ្នាំក្រោយ នេះ។

ផែនការរបស់គណៈកម្មការសហភាពអឺរ៉ុបដែលត្រូវបានយល់ព្រមដោយមេដឹកនាំទាំងអស់នៃសហភាពអឺរ៉ុបគឺជាផ្នែកមួយនៃការបញ្ឈប់នូវអ្វី ដែលសហរដ្ឋអាមេរិកអង្គការណាតូនិងសហភាពអឺរ៉ុបនិយាយថាជាការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីជ្រៀតជ្រែកដំណើរការប្រជាធិបតេយ្យនៅលោកខាងលិច តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត។ប៉ុន្តែប្រទេសរុស្ស៊ីបានបដិសេធម្តងហើយម្តងទៀតចំពោះទង្វើបែបនេះ។

មុនពេលបោះឆ្នោតសភាអឺរ៉ុបនៅខែឧសភាឆ្នាំ ២០១៩ ខាងមុខគណៈកម្មការបោះឆ្នោតចង់ឃើញក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជាក្រុមហ៊ុនហ្វេសបុក និងហ្គូហ្គុល ​យល់ព្រមបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលុបចោលនូវព័ត៌មានក្លេងក្លាយឬខុសច្បាប់លើគណនេយ្យរបស់ខ្លួន ។