រដ្ឋសភាពន្លឿនដំណើរការវិសោធនកម្មមាត្រា៤៥ ថ្មី ច្បាប់ស្ដីពីគណបក្សនយោបាយបើកផ្លូវឲ្យអ្នកនយោបាយ​ដែល​ជាប់បំរាមមានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក  ចេម ហួត

ភ្នំពេញ៖ រដ្ឋសភាពន្លឿនដំណើរការវិសោធនកម្មមាត្រា៤៥ ថ្មី ច្បាប់ស្ដីពីគណបក្សនយោ​​បាយ​ដើម្បីបើកផ្លូវ ឲ្យអ្នកនយោបាយ​ដែល​ជាប់បំរាមមានសិទ្ធិធ្វើសកម្មភាពនយោបាយ ឡើងវិញស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋ ។

ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍នៃរដ្ឋសភាដឹកនាំដោយសម្ដេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភានាព្រឹកថ្ងៃទី ៥ខែធ្នូនេះ ឯកឧត្តម ឈាង វុន សមាជិកអចិន្ត្រៃយ៍រដ្ឋសភាបានប្រាប់អ្នកសាព័ត៌មានថា  គណៈអចិន្ត្រៃយ៍រដ្ឋសភាបានប្រគល់សេចក្តីស្នើ វិសោធនកម្មមាត្រា៤៥ ថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយទៅគណៈកម្មការជំនាញរដ្ឋសភាធ្វើការពិនិត្យ សិក្សារួចហើយបញ្ជូនមករដ្ឋសភាវិញ ដើម្បីកំណត់ពេលវេលាប្រជុំពិភាក្សា និងអនុម័តនៅពេលខាងមុខឆាប់ៗនេះ។

ឯកឧត្តមបានបញ្ជាក់ថា  សេចក្តីស្នើច្បាប់នេះ ផ្តួចផ្តើមឡើងដោយតំណាងរាស្ត្រជាហត្ថលេខីចំនួន៨៧រូប ក្នុងគោលបំណងផ្តល់សិទ្ធិដល់នាយករដ្ឋមន្រ្តី ស្នើព្រះមហាក្សត្រ ផ្តល់នីតិសម្បទា​ឡើងវិញលើបុគ្គល ឬគណបក្សនយោបាយណាមួយ ដែលត្រូវតុលាការកំពូល ចេញសាលដីការសម្រេចហាមឃាត់ធ្វើសកម្មភាពនយោបាយ ក្នុងរយៈពេលកំណត់ណាមួយ។

លោក ណែប ស៊ីនថៃ នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ យល់ថា ការស្នើ​​ធ្វើវិសោធនកម្មមាត្រា នៃច្បាប់គណបក្សនយោបាយនេះ គឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចបើកផ្លូវឱ្យ​អតីត​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ដែលត្រូវបានតុលាការសម្រេចហាមឃាត់ធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំអាចវិលចូលក្នុងឆាកនយោបាយ​នៅកម្ពុជាឡើងវិញ​៕