សម្តេចតេជោហ៊ុន​ សែនគ្រោងជួបជុំអ្នកសារព័ត៌មានក្នុងស្រុកលើកទី៣នៅដើមខែមករាខាងមុខ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ទៀក លឹមជូ​ និង​លោក​ ចន​ ណារិទ្ធ​៖​


​ សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងជួបជុំអ្នកសារព័ត៌មានក្នុងស្រុកលើកទី៣ នៅដើមខែមករា ឆ្នាំ២០១៩ ខាងមុខ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអ្នកសារព័ត៌មាន។
យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ នៃក្រសួងព័ត៌មាន បានអោយដឹងថា ជំនួបរវាងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ក្រុមអ្នកសារព័ត៌មានក្នុងស្រុកលើកទី៣នេះ អាចនឹងប្រព្រឹត្តទៅថ្ងៃទី១១ ខែមករាឆ្នាំ២០១៩ ខាងមុខនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។


ប្រភពដដែលបានជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ម្ចាស់ស្ថានីយ៍វិទ្យុ-ទូរទស្សន៍ ទស្សនាវដ្ដី កាសែត ព្រឹត្តិបត្រ គ្រឹះស្ថានបោះពុម្ភផ្សព្វផ្សាយ រោងពុម្ព គេហទំព័រ និងសមាគមព័ត៌មានទាំងអស់ឲ្យដែលមានបំណងចូលរួមពិធីខាងលើ តម្រូវឲ្យមានការចុះឈ្មោះ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោទស្សន៍ នៃក្រសួងព័ត៌មាន ដើម្បីទទួលបានប័ណ្ណចូលរួម។ ការទំនាក់ទំនងចុះឈ្មោះចូលរួមយ៉ាងយូរត្រឹមថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ជំនួបជាប្រវត្តិសាស្ត្រលើកដំបូងរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយអ្នកសារព័ត៌មានក្នុងស្រុក ជាលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ខណៈជំនួបលើកទី២ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ៕​