ក្រសួងធនធានទឹក ថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសនៅពេលខាងមុខនេះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ប៉ុង សុភាវី និងលោក​ ចន​ ណារិទ្ធ​៖


ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ដែលទាមទារអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះខ្យល់ពីសមុទ្រចិនខាងត្បូង។


សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ខ្យល់នៃជ្រលងសម្ពាធទាបដែលបក់មកពីសមុទ្រចិនខាងត្បូង នឹងនាំមកនូវទឹកភ្លៀងរាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយក្នុងនោះ ចាប់ពីថ្ងៃទី៧-១១ ខែធ្នូ។
ក្រសួងបានបញ្ជាក់ថា របាយទឹកភ្លៀងពីឥទ្ធិពលនេះ អាចនឹងមានភ្លៀងធ្លាក់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី៕​