មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តកំពង់ឆ្នាំង លើកកម្ពស់សមត្ថភាពស្រ្តីតាមរយះផលិតកម្មសិប្បកម្មធ្វើពីឫស្សី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ ទុយ​ សូលីដា​ និង​លោក​ ចន​ ណារិទ្ធ​៖


​ មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តកំពង់ឆ្នាំងកំពុងលើកកម្ពស់សមត្ថភាពស្រ្តីតាមរយះផលិតកម្មសិប្បកម្មធ្វើពីឫស្សី តាមគោលការណ៍បច្ចេកទេសថ្មី ដើម្បីបង្កើនការលក់នៅលើទីផ្សារ បង្កើននូវប្រាក់ចំណូលក្នុងគ្រួសារដែលរួមចំណែកកាត់បន្ថយភាពលក្រីក្រ ។


​ លោកស្រី ឡេង សុបូរ៉ាន់ អនុប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តកំពង់ឆ្នាំង បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា មជ្ឈមណ្ឌលនេះមានបង្រៀនស្រ្តីជា២ផ្នែកគឺបណ្ដុះបណ្ដាលនៅក្នុងមជ្ឈមណ្ឌល និងបណ្ដុះបណ្ដាលនៅក្រៅមណ្ឌល ដល់សហគមន៍ស្រ្តី នៅបច្ចេកទេសក្នុងការកែច្នៃម៉ូតសម្ភារៈប្រើប្រាស់ថ្មីៗដែលធ្វើពីឫស្សី។

លោកស្រីបញ្ជាក់ថា រាល់ផលិតផលដែលសហគមន៍ផលិតបានមជ្ឈមណ្ឌល ជាអ្នកទទួលទិញនិងជួយរកនៅទីផ្សាជូនដល់ប្រជាពលរដ្ឋដែលជាអ្នកផលិត ។ លោកស្រីបន្តថា បច្ចុប្បន្នអ្នកផលិតនៅក្នុងសហគមន៍ បានយកចិត្តទុកដាក់ខ្ពស់ចំពោះការងារសិប្បកម្មនេះ ដោយពួកគាត់យល់ឃើញថា មុខរបរមួយប្រភេទនេះបានជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ របស់ពួកគាត់អោយមានជីវភាពធូរធារជាងមុន មានពេលវេលាថែរក្សាក្រុមគ្រួសារ និងមិនចាំបាច់ធ្វើចំណាកស្រុកជាដើម ។


លោកស្រីបានបញ្ជាក់ថា ពីមុនស្រ្តីនៅក្នុងសហគមន៍ដែលផលិតសិប្បកម្មធ្វើពីឬស្សីអាចរកចំណូលបានក្នុងមួយខែ បានត្រឹមតែពី១០ម៉ឺនទៅ១២ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែបើប្រៀបធៀបនឹងពេលបច្ចុប្បន្ននេះវិញគាត់អាចរកចំណូលបានពី៤០ម៉ឺនរៀល ទៅមួយលានរៀលក្នុងមួយខែ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រីខេត្តកំពង់ឆ្នាំង មានបង្រៀនដល់ស្រ្តីនៅក្នុងមជ្ឈមណ្ឌលផ្ទាល់មានដូចជា ៖ កាត់ដេរ អ៊ុតសក់ សំអាងការ ដេរកាបូប តម្បាញ កែឆ្នៃម្ហូបអាហារ ចំណែកនៅក្រៅមជ្ឈមណ្ឌលវិញមានធ្វើសិប្បកម្មផលិតពីឫស្សីសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ និងគ្រឿងវត្ថុអនុស្សាវរីយ៍ មានដូចជា ៖ កន្ត្រក់ដាក់ខោអាវ កន្ត្រក់ដាក់ចានស្រាក់ កញ្ច្រែង កញ្ជើ ល្អី កូនស្មុកតូចៗដាក់គ្រឿងអលង្កាជាដើម ។