VNA និងនាយកដ្ឋានទំនាក់ទំនងសាធារណៈរបស់ថៃបង្កើនកិច្ចសហប្រតិបត្តិការ

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) និងនាយកដ្ឋានទំនាក់ទំនងសាធារណៈនៃប្រទេសថៃ (PRD) នឹងបង្កើនការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ជាពិសេសរបាយការណ៍ស៊ីជម្រៅស្តីពីកិច្ចការវប្បធម៌ និងសេដ្ឋកិច្ច ដើម្បីបញ្ជាក់ពីតួនាទីរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានជាផ្លូវការនៅក្នុងសម័យបច្ចេកវិទ្យាឌីជីថល។

កិច្ចព្រមព្រៀងជាឯកច្ឆ័ននេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំរួមគណៈកម្មាធិការបច្ចេកទេស VNA-PRD លើកទី ១៥ ដែលធ្វើជាសហប្រធានដោយអគ្គនាយករង VNA លោក Le Quoc Minh និងសមភាគីរបស់លោក គឺលោក Charoon Chaisorn នៅទីក្រុងហូជីមិញ កាលពីថ្ងៃទី ០៤ ខែធ្នូ។

នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងពេលកន្លងមក រួមទាំងការផ្លាស់ប្តូរអ្នកសារព័ត៌មាន ក៏ដូចជាអត្ថបទជាភាសាអង់គ្លេស និងវីដេអូផងដែរ។ កាលពីឆ្នាំមុន ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានទទួលព័ត៌មានជាភាសាអង់គ្លេសជាង ៤០០ អត្ថបទ និងវីដេអូចំនួន ៩៥០ ពី PRD ខណៈដែល VNA បានបញ្ជូនព័ត៌មានជាភាសាអង់គ្លេសចំនួន ៥០០ អត្ថបទទៅកាន់ទីភ្នាក់ងាររបស់ថៃ។

អគ្គនាយករង VNA លោក Le Quoc Minh បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរក្នុងការជំរុញកិច្ចសហការតាមរយៈការផ្លាស់ប្តូរអត្ថបទព័ត៌មាន និងព័ត៌មានទូរទស្សន៍ ព្រមទាំងការបណ្តុះ បណ្តាល។ សម្រាប់ភាគីថៃ អគ្គនាយករង PRD លោក Charoon Chaisorn បាននិយាយថា ក្នុងឋានៈជាប្រធាន អាស៊ាននៅឆ្នាំ ២០១៩ ប្រទេសថៃប្តេជ្ញាបន្តធ្វើឱ្យមានគំនិតផ្តួចផ្តើមដើម្បីបន្តកិច្ចសហប្រតិបត្តិការសម្រាប់ សមាហរណកម្មអាស៊ាន៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)