វៀតណាម និងរុស្ស៊ីរៀបចំកិច្ចពិភាក្សាកិច្ចយុទ្ធសាស្រ្តការពារជាតិលើកទីបួន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — ក្រសួងការពារជាតិវៀតណាម និងរុស្ស៊ី បានរៀបចំកិច្ចពិភាក្សាយុទ្ធសាស្ត្រការពារជាតិលើកទី៤ របស់ខ្លួន នៅទីក្រុងមូស្គូ កាលពីថ្ងៃទី៣ ខែធ្នូ ដោយអះអាងថា កិច្ចសហប្រតិបត្តិការការពារជាតិនៅតែជា សសរស្តម្ភមួយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម ឧត្តមសេនីយ៍ Nguyen Chi Vinh និងសមភាគីរុស្ស៊ី លោក Alexander Vasilyevich Fomin ។ កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើងចំពេលដែលមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយរវាងប្រទេសទាំងពីរត្រូវបានពង្រីកបន្ថែម។ គួរកត់សម្គាល់ថា កិច្ចពិភាក្សានេះធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាគណៈកម្មាធិការបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែកញ្ញា និងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev កាលពីខែវិច្ឆិកា ឆ្នាំនេះ។

ឆ្នាំនេះក៏ត្រូវបានកត់សម្គាល់ផងដែរ ក្នុងរយៈពេល៥ឆ្នាំ ចាប់តាំងពីរដ្ឋាភិបាលទាំងពីរបានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិ និងរយៈពេល ២០ឆ្នាំ ចាប់តាំងពីរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស យោធា។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានបង្ហាញនូវសមិទ្ធផលសំខាន់ៗរបស់ខ្លួនក្នុងកិច្ចសហប្រតិ- បត្តិការការពារជាតិនៅក្នុងឆ្នាំនេះ។ ភាគីទាំងពីរក៏បានចែករំលែកនូវចក្ខុវិស័យក្នុងទំនាក់ទំនងការពារជាតិ ដែលនៅតែបន្តជាសសរស្តម្ភនៃកិច្ចអភិវឌ្ឍអាទិភាព។

ដោយបានឯកភាពបន្តពង្រីកការទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំងពីរ ពួកគេបានបញ្ជាក់អំពីផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០១៩ រួមទាំងការផ្លាស់ប្តូរគណៈប្រតិភូ ចែករំលែកទស្សនៈស្តីពីបញ្ហាយុទ្ធសាស្ត្រ ការបណ្តុះបណ្តាលបុគ្គលិក បច្ចេកទេសយោធា ការចែករំលែកបទពិសោធន៍ក្នុងការចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងឱសថសម្រាប់យោធា៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)