មេដឹកនាំកូរ៉េខាងជើងសំដែងការចូលរួមរំលែកទុក្ខ ចំពោះការស្លាប់មន្រ្តីជាន់ខ្ពស់

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េ​ខាងជើង​លោក គីម ជុង-អ៊ុន បានសំដែងការចូលរួមរំលែកទុក្ខចំពោះ​ការស្លាប់អតីត​មន្ត្រីជាន់​ខ្ពស់​មួយរូប ដែលគេស្គាល់ថា លោកធ្លាប់បានបម្រើការងារពាក់ព័ន្ធនឹង​កិច្ចការយោធារយៈ​ពេលយូរអង្វែងមកហើយនោះ។​

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានផ្សាយជាភាសារអង់គ្លេសថា មេដឹកនាំកំពូល លោក គីម ជុង-អ៊ុន​បានដាក់កម្រងផ្កាមួយនៅលើក្តារមឈូស របស់លោក គីម ចុល-មេន ជាសមាជិកគណៈកម្មា ធិការកណ្តាលមួយរូប​នៃគណៈបក្សពលករកូរ៉េ ដោយ​សំដែង​នូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ចំពោះការស្លាប់របស់លោក។

លោក គីម ចុល-មេន ដែលគេស្គាល់ពីការចូលរួមរបស់លោក​នៅក្នុងផ្នែកផ្គត់ផ្គង់ខាង​យោធារបស់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីសម័យកាលនៃស្ថាបនិកជាតិ លោក គីម អ៊ីល-ស៊ុង ដែលបានស្លាប់ក្នុង ជន្មាយុ​៩៨ឆ្នាំកាលពីថ្ងៃចន្ទកន្លងទៅនេះ។ លោកធ្លាប់បានចូល​បម្រើការងារជាអនុប្រធានសភាជាន់ខ្ពស់ប្រជាជន ដែលជាស្ថាប័នច្បាប់របស់កូរ៉េខាងជើង។
លោក គីម ជុង-អ៊ុន បានដឹកនាំគណៈគម្មាធិការមួយក្នុងរៀបចំពិធីបុណ្យសពផ្លូវការ​សម្រាប់លោក​។ ពិធីនេះ ត្រូវបានចូលរួមពីពួកមន្រ្តីប្រមាណ៧០នាក់ ដោយរួមមានទាំង​លោក Choe Ryong-hae ប្រធាន គណៈបក្សពលករដែលកំពុងកាន់អំណាចផងដែរ។

នៅក្នុងប្រធានបទដាច់ដោយឡែកមួយ KCNAបានរាយការណ៍ថា គណៈបក្ស រដ្ឋាភិបាល យោធា ប្រជាជន និងពួកមន្រ្តីការទូត ព្រមទាំងពួកមន្រ្តីអង្គការអន្តរជាតិដាច់​ដោយពីគ្នាផ្សេងទៀតនៅក្នុងប្រទេស កូរ៉េខាងជើង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព​ និងបានចូលរួមរំលែកទុក្ខចំពោះការស្លាប់របស់លោក៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល)