រុស្ស៊ី រិះគន់ ECHR ដែលទទួលយកបណ្តឹងអ៊ុយក្រែន លើភាពតានតឹងនៅច្រកសមុទ្រ Kerch

AKP ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ — ក្រសួងយុត្តិធម៌រុស្ស៊ី កាលពីថ្ងៃអង្គារនេះ បានសំដែងការព្រួយបារម្ភរបស់ខ្លួនទៅលើការទទួលយករបស់តុលាការអឺរ៉ុប សម្រាប់សិទ្ធិមនុស្ស ( ECHR ) នូវបណ្តឹងរបស់អ៊ុយក្រែនទាក់ទងនឹងសកម្មភាពថ្មីៗនេះរបស់រុស្ស៊ីនៅក្នុងច្រកសមុទ្រ Kerch ។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បណ្តឹងនេះ គឺមានមូលដ្ឋានជាសំខាន់នៅលើការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនឹងមិនមែនលើឯកសារផ្លូវការទេ ដែលរុស្ស៊ីអាចផ្តល់ឱ្យអ៊ុយក្រែន តាមរយៈបណ្តាញការទូតនោះ ។
កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា រុស្ស៊ីបានរឹបអូសយកនាវាចម្បាំងអ៊ុយក្រែន ៣គ្រឿង ព្រមទាំងឃុំឃាំងនាវិកនៃនាវាទាំងនោះនៅជិតច្រកសមុទ្រ Kerch ដែលភ្ជាប់សមុទ្រខ្មៅ និង សមុទ្រ Azov ដោយចោទប្រកាន់ពួកគេពីបទរំលោភលើព្រំដែនរុស្ស៊ី ។
ពួកអាជ្ញាធរអ៊ុយក្រែន បានបដិសេធការចោទរបស់រុស្ស៊ី​ ព្រមទាំងបានទាមទារឱ្យដោះលែងនាវិកដែលជាប់ឃុំឃាំងនោះជាបន្ទាន់ ។

ក្រសួងនេះបាននិយាយថា ខ្លួននឹងផ្តល់ឱ្យ ECHR នូវព័ត៌មានអំពីហេតុផលចំពោះការឃុំឃាំង នាវិកអ៊ុយក្រែននេះ , ស្ថានភាពសុខភាព​របស់ពួកគេ ព្រមទាំងជំនួយខាងវេជ្ជសាស្ត្រណាមួយ ដែលបាន ផ្តល់ឱ្យនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )