លោកម៉ាក្រុងឆ្លើយតបចំពោះបញ្ហាពន្ធប្រេងឥន្ទនៈនៅចំពោះមុខអ្នកតវ៉ាក្រុមអាវលឿង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (០៥.១២.១៨)

បារាំង៖ នាយករដ្ឋមន្ត្រីបារាំងកាលពីថ្ងៃអង្គារបានផ្អាកផែនការក្នុងការបង្កើនពន្ធប្រេងឥន្ទនៈក្នុងរយៈពេលយ៉ាងហោចណាស់ប្រាំមួយខែ ដើម្បីឆ្លើយតបទៅនឹងការតវ៉ាហឹង្សាជាច្រើនលើកច្រើនសារ ។នេះជាការសម្រេចចិត្តផ្លាស់ប្តូរដ៏ធំលើកទីមួយរបស់រដ្ឋាភិបាលប្រធានាធិបតីបារាំងលោកអេម៉ានូអ៊ែលម៉ាក្រុង​ក្នុងរយៈពេល ១៨ ខែនៃការកាន់តំណែងជាប្រធានាធិបតីបារំាងរបស់គាត់ ។

ស្របពេលជាមួយនឹងការពន្យាពេលតំឡើងពន្ធដែលបានកំណត់នៅខែមករា ​ខាងមុខ​នាយករដ្ឋមន្ត្រីបារាំងលោកហ្វីលីព ​បាននិយាយថា ក្នុងរយៈពេល ៦ ខែ នេះ ​វិធានការមួយចំនួននឹងត្រូវលើកយកមកពិភាក្សា ​ដើម្បីជួយដល់ជនក្រីក្រ​​​​និងជំរុញអ្នកមានជីវភាពមធ្យមដែលពឹងផ្អែកលើការបើកបររថយន្តឲ្យចេញទៅធ្វើការនិងទិញឥវ៉ាន់ ឡើងវិញ ។

មានការនិយាយត ៗ ​គ្នា ថា ​ប្រាក់ឈ្នួលអប្បបរមាអាចនឹងត្រូវបានតម្លើង ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបារំាងមិនបានបង្ហាញការប្តេជ្ញាចិត្តលើរឿងតម្លើងនេះ​ទេ។ មេដឹកនំាប្រទេសបារំាងបាននិយាយថាពលរដ្ឋ​មិនគួររំពឹងថានឹងទទួលបានសេវាកម្មសាធារណៈកាន់តែល្អប្រសើរ ជាមួយនឹង​ការកាត់បន្ថយពន្ធនោះឡើយ។