ក្រសួងការងារ និងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ចាប់ផ្តើមផ្សព្វផ្សាយច្បាប់ ស្តីពីការងារនិងលិខិតបទដ្ឋានគតិយុត្ត

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អ៊ឹម ភិរក្សនារីរតនៈ ៖

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា បានចាប់ផ្តើមផ្សព្វផ្សាយ ការអនុវត្តច្បាប់ ស្តីពីការងារនិងលិខិត បទដ្ឋានគតិយុទ្ធនានា ក្នុងគោលបំណង ដើម្បីអោយនិយោជក់នៅតាមបណ្តាក្រុមហ៊ុនឧស្សាហកម្មកៅស៊ូនៅកម្ពុជា បានអនុវត្តសិទ្ធិការអោយបានល្អដែលបំរើដល់ឧត្តមប្រយោជន៍របស់កម្ម។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយការអនុវត្តច្បាប់ ស្តីពីការងារ និងលិខិត បទដ្ឋានគតិយុត្តនានា កាលពីព្រឹកថ្ងៃទី៤ វិច្ចកា ឆ្នាំ២០១៨ នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមសេង សក្កាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ បានមានប្រសាសន៍ថា ក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា បានស្នើសុំដល់រាជរដ្ឋាភិបាល ក្រសួងស្ថាប័ន និងផ្នែកពាក់ព័ន្ធមេត្តាពិនិត្យលទ្ធភាព កំណត់ប្រាក់ឈ្នួលអប្បរមា សម្រាប់វិស័យកសិឧស្សាហកម្ម ដើម្បីបង្កលក្ខណៈងាយស្រួល ដល់បណ្តាក្រុមហ៊ុនជាសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាបានអនុវត្តផ្តល់ប្រាក់បៀវត្សជូនកម្មករអោយបានសមស្រប។

ឯឧ.បានបញ្ជាក់ថា គោលការណ៍អនុវត្តផ្តល់ប្រាក់បៀវត្សជូនបុគ្គលិក ឬកម្មករ ដោយផ្អែកទៅលើវិស័យកសិកម្មនេះ គឺដើម្បីបង្កើនប្រាក់ចំណូលជូនដល់កម្មករនយោជិតក្នុងវិស័យកសិកម្មនេះ អោយមានលក្ខណៈដូចគ្នាទៅនឹងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង។

ឯកឧត្តម បណ្ឌិតបន្តថា ដោយមានកិច្ចសហការវិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា វៀតណាម ក្នុងនោះសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា មានប្រមាណជា១៩ក្រុមហ៊ុន ដែលកំពុងធ្វើប្រតិបត្តិការវិនិយោគលើការដាំដុះដំណាំកសិ-ឧស្សាហកម្ម កៅស៊ូនៅលើផ្ទៃដីប្រមាណជា១០ម៉ឺនហិកតា ដែលមានទីតាំងស្ថិតក្នុងខេត្ត៧រួមមាន ៖ ទី១ ខេត្តកំពង់ធំ ទី២ ខេត្តព្រះវិហារ ទី៣ខេត្តសៀមរាប ទី៤ខេត្តឧត្តរមានជ័យ ទី៥ ខេត្តក្រចេះ ទី៦ ខេត្តមណ្ឌលគីរី និងទី៧ ខេត្តរតនគីរី ដែលបានចំណាយដើមទុនប្រមាណជា៨០០ លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា បច្ចុប្បន្ន បណ្តាក្រុមហ៊ុនឧស្សាហកម្មកៅស៊ូទាំង១៩ក្រុមហ៊ុននោះ បានប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុកប្រមាណជា ១ម៉ឺន ៥ពាន់នាក់ និងបន្តតម្រូវការកម្មករហូតជាង ៤ម៉ឺននាក់ទៀតក្នុងឆ្នាំ២០២០៕​