ប្រព័ន្ធផ្សព្វផ្សាយចំនួន៣គ្រោងដំណើរការផ្សាយឡើងវិញ​ បន្ទាប់ពីអាក់ខានមួយរយ:

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជួន​ បូណា៖​


​ រាជរដ្ឋាភិបាលគ្រោងបើកឲ្យប្រព័ន្ធផ្សព្វផ្សាយចំនួន៣ដាក់ដំណើរការផ្សាយរបស់ខ្លួនឡើងវិញនៅកម្ពុជា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយទាំងនេះបានដកការរិយាល័យរបស់ខ្លួនចេញពីកម្ពុជានាពេលកន្លងមក។


ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ពីតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) និងការអនុវត្តបទដ្ឋាន សិទ្ធិមនុស្សអន្តរជាតិ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ស្វាគមន៍ចំពោះវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងកាសែតឌឹខេមបូឌាដេលី ចំពោះការចាប់ផ្តើមប្រតិបត្តិការ និងបើកការិយាល័យរបស់ខ្លួនឡើងវិញ ប៉ុន្តែសម្រាប់កាសែតឌឹខេមបូឌាដេលី (The Cambodia Daily) ត្រូវដោះស្រាយបំណុលពន្ធដារជាមុនសិន ។
សម្ដេច ស ខេង បានបញ្ជាក់ថា កាសែតឌឹខេមបូឌាដេលី បានសម្រេចផ្អាកព្រឹត្តិប័ត្រព័ត៌មានរបស់ខ្លួន ដោយសារមិនបានបង់ពន្ធ ហើយប្រសិនបើកាសែតនេះបង់ពន្ធរួចរាល់ គឺអាចចាប់ផ្ដើមប្រតិបត្តិការឡើងវិញបាន ។
ការស្វាគមន៍របស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនេះបានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល កម្ពុជា បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ថា ព្រឹត្តិប័ត្រព័ត៌មាន ឌឹខេម បូឌាដេលី អាចចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនឡើងវិញបាន ក្នុងករណីដោះស្រាយបំណុលពន្ធដាររួចរាល់ចំពោះករណីវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ក៏មានសេរីភាពបើកការិយាល័យខ្លួននៅកម្ពុជាឡើងវិញបានដែរ ព្រោះរាជរដ្ឋាភិបាលមិនបានបិទ ការិយាល័យវិទ្យុទាំងពីរនេះឡើយ គឺវិទ្យុទាំងពីរ សម្រេចបិទដោយខ្លួនឯង ។
សូមបញ្ជាក់ថា វិទ្យុអាស៊ីសេរី វីអូអេ និងខេមបូឌាដេលី បានបិទការិយាល័យរបស់ខ្លួននៅកម្ពុជាជាបន្តបន្ទាប់ ក្នុងពេលដំណាលគ្នា កាលពីចុងឆ្នាំ២០១៧៕