សម្តេចក្រឡាហោម ស ខេង អះអាងថា​ កម្ពុជាគ្មានការធ្វើទារុណកម្មចំពោះជនល្មើសឬជនជាប់ឃុំឡើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ អាត​ ចន្ធូ៖


​ សម្តេចក្រឡាហោម ស ខេង អះអាងថា កម្ពុជាគ្មានការធ្វើទារុណកម្ម ចំពោះជនល្មើសឬជនជាប់ឃុំ និងជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពឡើយ ដែលធានាបានតាមគោលការណ៍គោរពសិទ្ធិមនុស្សអន្តរជាតិ។
ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម ( គ.ជ.ប.ទ ) និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ដែលបានធ្វើឡើង នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា កម្ពុជាបានអនុវត្តជោគជ័យលើកិច្ចការ ធានាថា ការធ្វើទារុណកម្ម ឬប្រព្រឹត្តអំពើមិនគប្បីណាមួយ មិនអាចកើតមានឡើយ ទៅលើជន ដែលត្រូវបានដកហូតសេរីភាពបណ្តោះអាសន្ន ឬទណ្ឌិតនៅក្នុងពន្ធនាគារ។
សម្តេចក្រឡាហោមបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានដើរតួជាប្រព័ន្ធត្រួតពិនិត្យទៀងទាត់មួយរបស់ជាតិ នៅគ្រប់កន្លែងមន្ទីរឃុំឃាំងនានា ដែលកំពុងគ្រប់គ្រងជនត្រូវបានដកហូតសេរីភាពទាំងឡាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី ធានាមិនអោយមានករណីប្រើប្រាស់អំពើហិង្សា ឬការធ្វើទារុណកម្មលើជនល្មើសដើម្បីសួរចំលើយ ឡើយ។


សម្តេចក្រឡាហោម បានជំរុញឲ្យមន្ត្រីសាធារណៈ និងអាជ្ញាធរ មានសមត្ថកិច្ចទទួលបន្ទុកគ្រប់គ្រងជន ដែលត្រូវបានដកហូតសេរីភាពនៅក្នុងពន្ធនាគារ មណ្ឌលអប់រំកែប្រែ មណ្ឌលស្តារនីតិសម្បទា សម្រាប់អនីតិជន កន្លែងឃុំខ្លួនបណ្តោះអាសន្នរបស់នគរបាលយុត្តិធម៌ កន្លែងឃុំឃាំងយោធា មណ្ឌលសម្រាប់ជនទេសន្តប្រវេសន្ត មន្ទីរពេទ្យព្យាបាលជនវិកលចរិត មណ្ឌលសុខភាពផ្លូវចិត្ត មណ្ឌលសំចតសង្គមកិច្ច មណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងមណ្ឌលអប់រំផ្សេងទៀត អោយបន្តផ្នត់គំនិតមិនប្រើប្រាស់អំពើហិង្សាឬទារុណកម្មលើជនទំាងនោះឡើយ ដែលធានាឲ្យពួកគាត់បានរស់ក្នុងមន្ទីរឃុំឃំាងស្របទៅតាមច្បាប់៕