សម្ដេចក្រឡាហោម​ ស​ ខេង​ អះអាងថា​ ភាពយឺតយ៉ាវក្នុងការកាត់ក្ដីជាបន្ទុកមួយធ្វើឲ្យអ្នកជាប់ឃុំមិនថយចុះ

វិទ្យុជាតិកម្ពុជា​៖​ លោក ភួង ឈុនលាង៖​


​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការយឺតយ៉ាវ នៃនីតិវិធីក្នុងការជម្រះក្ដីជនជាប់ឃុំ គឺជាបន្ទុកមួយដែលធ្វើឲ្យចំនួនអ្នកជាប់ឃុំពុំមានការថយចុះ ដែលធ្វើអោយពន្ធនាគារមានភាពណែនចង្អៀត។

 ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម អំពើឃោឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម (គ.ជ.ប.ទ) និងការអនុវត្តបទដ្ឋានសិទ្ធិមនុស្សអន្ដរជាតិ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចក្រឡាហោម ស ខេង ក៏បានឲ្យដឹងថា ក្នុងចំណោមអ្នកជាប់ឃុំទាំងអស់ជាង៣ម៉ឺននាក់ ក្នុងនោះមានទណ្ឌិតចំនួនប្រមាណ៩,០០០នាក់ ហើយក្រៅពីនោះ អ្នកដែលជាប់ឃុំរង់ចាំនីតិវិធីតុលាការដែលមានចំនួនជាង២ម៉ឺននាក់។


សម្ដេចក្រឡាហោម បានបន្ថែមថា យុទ្ធនាការបង្ក្រាបបទល្មើសគ្រឿងញៀន ដែលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងសស្រាក់សស្រាំ នៅទូទាំងប្រទេស បានរួមចំណែកមួយផ្នែកដល់ការកើនឡើងនៃចំនួនអ្នកជាប់ឃុំ។ សម្តេចបញ្ជាក់ថា បញ្ហាធំៗទំាងនេះជាកត្ដាចម្បងបង្កឲ្យមានការចង្អៀតណែនក្នុងពន្ធនាគារ ដែលបានបង្កផលប៉ះពាល់ និងរាំងស្ទះ ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់សុខមាលភាព និងការផ្ដល់សេវាចាំបាច់នានា នៅតាមពន្ធនាគារទូទាំងប្រទេស ជាពិសេសក្នុងការអនុវត្តឲ្យបានពេញលេញនូវកាតព្វកិច្ចជាអន្ដរជាតិ ស្របតាមអនុញ្ញាប្រឆាំងទារុណកម្ម។


សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ដើម្បីធានាសន្ដិសុខ និងសុវត្ថិភាពសង្គម ឲ្យបានរឹងមាំរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំកសាងពង្រីកបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមន្ទីរឃុំឃាំង នៅតាមបណ្ដារាជធានី-ខេត្ត ដើម្បីបន្ថូរបន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។សម្តេចបានបន្ថែមថា ក្រៅពីវិធានការពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារអន្ដរក្រសួង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីជំរុញទៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ អោយពន្លឿននីតិវិធីជំនុំជម្រះក្តី និងចេញសាលក្រម ឬសាលដីកាស្ថាពរឲ្យបានឆាប់ ដើម្បីកាត់បន្ថយអ្នកជាប់ឃុំច្រើននៅក្នុងពន្ធនាគារ។
សូមបញ្ជាក់ថា បច្ចុប្បន្នពន្ធនាគារទាំង២៨ទូទាំងប្រទេស មានផ្ទុកអ្នកជាប់ឃុំជាង៣ម៉ឺននាក់៕