ជនពិការជាង៣៥០០នាក់ត្រៀមចូលរួមអបអរសាទរជនទិវាជនពិការកម្ពុជាលើកទី២០

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ី​ កនិកា​៖


​ ជនពិការជាង៣៥០០នាក់ត្រៀមចូលរួមអបអរសាទរជនទិវាជនពិការកម្ពុជាលើកទី២០ និងទិវាជនពិការអន្តរជាតិលើកទី៣៦ ដើម្បីជំរុញឲ្យសង្គមកាន់តែមានកិច្ចគាំពារ និងធានាឧត្តមប្រយោជន៍ដល់ជនពិការ ដូចប្រជាពលរដ្ឋទូទៅ។
យោងតាមប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការបានឲ្យឹងថា ទិវាជនពិការកម្ពុជាលើកទី២០ និងទិវាជនពិការអន្តរជាតិលើកទី៣៦ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨នេះ គ្រោងនឹងប្រារព្ធនឹងធ្វើឡើងនៅថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៨ នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា រាជរដ្ឋាភិបាល អង្គទូត តំណាងអង្គការជាតិនិងអន្តរជាតិ ក្រុមហ៊ុនឯកជន និងបងប្អូនជនពិការសរុបចំនួនជាង ៣,៥០០នាក់។
ការរៀបចំទិវាជនពិកានេះឡើង គឺដើម្បីអបអរសាទរជោគជ័យលើវិស័យសុខុមាលភាពជនពិការនៅកម្ពុជា ហើយបន្តបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនពិការភាព ធានាដល់ការធ្វើបរិយាបន្ន និងចលនា នៃវិស័យពិការភាព ដើម្បីទទួលបានស័ក្តិសិទ្ធិភាពនៃការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញា ស្តីពី សិទ្ធិជនពិការទសវត្សរ៍ ជនពិការប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ឆ្នាំ ២០១៣ -២០២២( យុទ្ធសាស្រ្តអ៊ីនឈាន់ «ធ្វើឲ្យសិទ្ធិក្លាយជាការពិត») ក៏ដូចជាផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤ – ២០១៨។
សូមបញ្ជាក់ថា យោងតាមការប៉ាន់ស្មាននៅកម្ពុជាមានជនពិការទំាងអស់ប្រមាណជាង ៥០ម៉ឺនាក់៕