សភាជាតិកម្ពុជាជំរុញឲ្យសភាតំបន់អាស៊ីរួមគ្នាប្រយុទ្ធប្រឆាំងអំពើភេរកម្ម និង ថែរក្សា សន្តិ ភាព

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ សភាកម្ពុជាជំរុញឲ្យសភាតំបន់អាស៊ីរួមគ្នាប្រយុទ្ធប្រឆាំងអំពើភេរកម្ម និងថែរក្សាសន្តិភាពដើម្បីប្រទេសក្នុងតំបន់ និងលើពិភពលោកមានសន្តិសភាព មិនមានសង្គ្រាមគ្រប់រូបភាព ដែលជាគន្លឹះឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាចូលរួមមហាសន្និបាតលើកទី១១ នៃសភាតំបន់អាស៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី២៧ខែវិច្ឆិកា ដល់ថ្ងៃទី៤ខែធ្នូនេះ ឯកឧត្តម ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា-តំបន់អាស៊ីបានស្នើឲ្យសភាតំបន់អាស៊ីចូលរួមការពារ និងលើកកម្ពស់នូវសន្តិភាព និងស្ថេរភាពឲ្យបានល្អ ខណៈសន្តិភាពក្នុងតំបន់ និងលើសកលលោកគឺជាគន្លឹះនៃការអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវ នាវដល់បណ្តាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនឲ្យ ជួយដល់ប្រទេសមានសេដ្ឋកិច្ចនៅទន់ខ្សោយ ,លើកកម្ពស់សេដ្ឋកិច្ចទីផ្សារសេរី និងការវិនិយោគ ជាពិសេសពង្រឹង គាំទ្រដល់សហគ្រាសធនតូច និងមធ្យម តាមរយៈការផ្តល់ធនធានហិរញ្ញវត្ថុលើកកម្ពស់ជំ នាញវិជ្ជាជីវៈ និងបច្ចេកទេស។

ប្រាប់អ្នកសាព័ត៌មាននៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីត្រឡប់មកពីចូលរួមមហាសន្និបាតលើកទី១១ នៃសភាតំបន់អាស៊ី នៅទីក្រុងអីស្តង់ប៊ុល ប្រទេសតួកគី នេះ ឯកឧត្តម ឈិត គឹម យាតសមាជិកព្រឹទ្ធសភាបានមានប្រសាសន៍ថា គណៈប្រតិភូសភាកម្ពុជាបានចូលរួមយ៉ាងសកម្មដោយមហាសន្និបាតទាំងមូលបានអនុម័តសេចក្តីសម្រេចចំនួន២៥ ពាក់ព័ន្ធទៅនឹងនយោបាយ សង្គម វប្បធម៌ សេដ្ឋកិច្ច និងការអភិវឌ្ឍ និងថវិកាជាដើម។

សូមបញ្ជាក់ថា សភាតំបន់អាស៊ីហៅកាត់ថា APPបានបង្កើតឡើងកាលពីឆ្នាំ២០០៦ ដោយបានប្តូរ ឈ្មោះមកពីសមាគមសភាអាស៊ីដើម្បីសន្តិភាពបង្កើត មានប្រទេសជាសមាជិកជាង៤០ប្រទេសដែលបង្កើតឡើងតាំងពីឆ្នាំ១៩៩៩មក ដោយអង្គការសភាតំបន់មួយនេះមាន បេសកកម្ម និងគោល បំណងជំរុញនូវសុខសន្តិភាព និងសមាហរណកម្មសម្រាប់តំបន់អាស៊ីទាំងមូលតាមរយៈ យន្តការសភា៕