តុលាការស្រីលង្ការទប់ស្កាត់នាយករដ្ឋមន្ត្រី រាជប៉ាក់សា និងគណបក្សរបស់លោកមិនឱ្យដើរតួធ្វើជារដ្ឋាភិបាល

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨  — តុលាការមួយរបស់ប្រទេសស្រីលង្កា កាលពីថ្ងៃចន្ទនេះ បានចេញបទបញ្ជាបណ្តោះអាសន្នមួយ ដើម្បីរារាំងលោក ម៉ាហ៊ីនដា រាជប៉ាក់សា ( Mahinda Rajapaksa ) និងសមាជិកគណបក្សរបស់លោក មិនឱ្យដើរតួជានាយករដ្ឋមន្ត្រី និង រដ្ឋាភិបាលរហូតដល់ករណីនេះ ត្រូវបានធ្វើសវនាការនៅថ្ងៃទី១២ ខែធ្នូនេះ ។
តុលាការឧទ្ធរណ៍បានចេញបទបញ្ជានេះ បន្ទាប់ពីសមាជិកសភា ១២២ រូបបានដាក់បណ្តឹងមួយដែលប្រឆាំងនឹងលោករាជប៉ាក់សា និងរដ្ឋាភិបាលរបស់លោក មិនឱ្យកាន់តំណែង ។

ពួកមេធាវីដែលជជែកគ្នាពីករណីនេះបាននិយាយថា តុលាការនេះបានពិចារណានូវហេតុផលនៃ ភាគីទាំងពីរនឹងនិយាយថា ការខូចខាតដែលមិនអាចប្រកែកបានគេអាចបង្កឱ្យមានឡើងប្រសិនបើមនុស្សដែលគេមិនឱ្យអំណាចធ្វើដូច្នេះអង្គុយធ្វើជានាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី នោះ ។

សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា តុលាការនេះក៏បានចេញសេចក្តីជូនដំណឹងដល់រដ្ឋមន្ត្រីរដ្ឋាភិបាលចំនួន ៤៩ រូប និងលោក ​រាជប៉ាក់សា ផងដែរឱ្យបង្ហាញខ្លួននៅចំពោះមុខ តុលាការនៅថ្ងៃទី១២ ខែធ្នូ សម្រាប់ការធ្វើសវនាការ ។

ចាប់តាំងពីការតែងតាំងលោក រាជប៉ាក់សា និងរដ្ឋាភិបាលរបស់លោកបានប្រឈមមុខនឹងញត្តិសំដែងការមិនទុកចិត្តពីរ ។
ប្រធានាធិបតីលោក ស៊ីរី សេនា ( Sirisena ) បានបដិសេធនូវលទ្ធផលនៃការបោះឆ្នោតទាំងពីរនេះ ដោយនិយាយថា ការបោះឆ្នោតទាំងនេះ​មិនបានធ្វើឡើងក្នុងលក្ខណៈស្របច្បាប់មួយ នឹងបានស្នើដល់សភាអំពាវនាវឱ្យមានការបោះឆ្នោតមួយម្តងទៀតនៅថ្ងៃទី៦ ខែធ្នូនេះ ។

លោក ​រាជប៉ាក់សា និងគណបក្សរបស់លោកបានធ្វើពហិកាសម័យប្រជុំសភាចាប់តាំងពីខែកន្លងទៅដោយនិយាយថា ប្រធានសភាលោក ការូ ហ្សាយ៉ាស៊ូរីយ៉ាកំពុង ធ្វើសកម្មភាពដែលជាគុណប្រយោជន៍ដល់លោក រ៉ានីល វីក្រេម៉េស៊ីងហេ និង គណបក្សរបស់លោក ។ ពួកគេក៏បាននិយាយផងដែរថា ពួកគេនឹងបន្តធ្វើពហិកាសម័យប្រជុំនានារហូតទាល់តែពួកគេត្រូវបានគេទទួលស្គាល់ថា ជារដ្ឋាភិបាល ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )