ទិវាគ្រួសារអាស៊ានលើកទីមួយត្រូវបានធ្វើឡើងនៅប្រទេសរុស្ស៊ី

AKP ភ្នំពេញ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ — បណ្តាស្ថានទូតនៃបណ្ដាប្រទេសសមាជិកអាស៊ានប្រចាំនៅប្រទេសរុស្ស៊ី បានប្រារព្ធទិវាគ្រួសារ អាស៊ានជាលើកដំបូងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មហាណូយ – មូស្គូ នៅរដ្ឋធានីនៃប្រទេសរុស្ស៊ីកាលពីថ្ងៃទី ០២ ខែធ្នូ។

ព្រឹត្តិការណ៍នេះសំដៅជំរុញវប្បធម៌នៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងផ្តល់ឱកាសឱ្យពួកគេបានជួប និងរឹតបន្តឹងសាមគ្គីភាពរវាងគ្នានឹងគ្នា។

ព្រឹត្តិការណ៍នេះ រួមមានការប្រកួតកីឡា និងការសំដែងសិល្បៈ ព្រមទាំងការបង្ហាញនូវម្ហូបអាហារប្រពៃណីរបស់បណ្តាប្រទេសអាស៊ាន។ ក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍របស់ឯកអគ្គរដ្ឋទូតវៀតណាម លោក Ngo Duc Manh បានលើកឡើងនូវសារៈសំខាន់នៃព្រឹត្តិការណ៍នេះក្នុងបរិបទដែលរុស្ស៊ីកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយអាស៊ាន និងអាស៊ី។

លោកបានសំដែងក្តីសង្ឃឹមថា តាមរយៈកម្មវិធីផ្លាស់ប្តូរនេះ សហគមន៍អាស៊ាននៅរុស្ស៊ីនឹងរីកចម្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះ អ្នកការទូតបានដាក់បង្ហាញដល់អ្នកចូលរួមទាំងអស់នូវការតាំងពិព័រណ៍រូបថត និងឯកសារដែលបង្ហាញពីភាពស្រស់ស្អាតនៃសមុទ្រ និងកោះរបស់វៀតណាម ដែលរៀបចំដោយស្ថានទូត និងក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម។

ទិវាគ្រួសារអាស៊ានត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅវៀតណាម និងបណ្តាប្រទេសដទៃទៀតនៅ ទូទាំងពិភពលោក។ នៅឆ្នាំនេះ ស្ថានទូតវៀតណាមប្រចាំនៅប្រទេសរុស្ស៊ីបានរៀបចំព្រឹត្តិការណ៍នេះនៅប្រទេសរុស្ស៊ីជាលើកដំបូង៕

(ប្រភព VNAបកប្រែដោយលោក យា ចិន្តាខន្តី)