សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនននឹងអញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការនៅប្រទេសឡាវ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៨ ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានអោយដឹថាការអញ្ជើញទៅបំពេញនៅប្រទេសឡាវរបស់សម្ដេចតេជោហ៊ុន សែននាពេលខាងនេះគឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្ថិធម៌ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងអំឡុងពេលទស្សនកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ និងលោកជំទាវ ប៉ានី យ៉ាថទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិឡាវ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ថងលូន ស៊ីសូលីត ដើម្បីពិភាក្សារិះរកលទ្ធភាពក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ដើម្បីនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍ទៅវិញទៅមកផងដែរ។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងច័ន្ទ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញដាក់កម្រងផ្កានៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលី៕