កុមារគរថ្លង់ចំនួន៩០នាក់នៅខេត្តសៀមរាប​ទទួលបានការបង្រៀន ពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹក

AKP សៀមរាប ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ — ដើម្បីឱ្យមនុស្សគរថ្លង់ រំដោះខ្លួនចេញពីការលង់ទឹកបាន ក្នុងគោលដៅកាត់បន្ថយ ចំនួនអ្នកស្លាប់ដោយសារលង់ទឹកនៅប្រទេសកម្ពុជា សាលាបង្រៀនហែលទឹក ដូលហ្វីន ស្វីមីងក្លឹបបានបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹក ដល់កុមារគរថ្លង់ ចំនួន៩០នាក់នៅខេត្តសៀមរាប។លោក Nat Thasak គ្រូបង្រៀនហែលទឹកអាជីពនៃសាលាបង្រៀនហែលទឹក ដូលហ្វីន ស្វីមីងក្លឹបបាន​ឱ្យដឹងថា នៅពេលដែលមនុស្សធម្មតាមិនចេះហែលទឹក តែពួកគេអាច ស្រែកខ្លាំងៗបានដើម្បីរកជំនួយ ខណៈដែលពួកគេជួបហេតុការណ៍លង់ទឹក។ ប៉ុន្តែសម្រាប់ មនុស្សគរថ្លង់ដែលមិនអាចសូម្បីតែស្តាប់សំឡេង ហើយថែមទាំងមិនមានឱកាសរៀនហែល ទឹកទៅទៀតនោះ តើពួកគាត់ត្រូវប្រឈមបែប ណាពេលមានបញ្ហា។ ដូច្នេះដើម្បីឱ្យមនុស្ស គរថ្លង់រំដោះខ្លួនចេញ ពីការលង់ទឹកបាន សាលាបង្រៀនហែលទឹក ដូលហ្វីន ស្វីមីងក្លឹបបាន បង្រៀនពីវិធីសាស្ត្រ រំដោះខ្លួនចេញពីការលង់ទឹក ដល់កុមារគរថ្លង់ចំនួន៩០នាក់ នៅខេត្តសៀមរាប ដែលមានក្រុម គ្រូបង្រៀនហែលទឹកអាជីពពីប្រទេសកម្ពុជា និងថៃ ក្នុងគោលបំណងចង់ជួយសង្គម តាមការផ្ដល់នូវកម្មវិធីបង្រៀនសប្បុរសធម៌ ទៅដល់អ្នក ទាំងនោះជាមួយជំនាញ ដែលមានសក្ដានុពលខ្ពស់របស់យើង ដោយឥតគិតថ្លៃទៅដល់ពួកគេ ដើម្បីឱ្យពួកគេចេះពីរបៀបរំដោះខ្លួនឱ្យរួចពីគ្រោះថ្នាក់លង់ទឹក។លោកបានបន្តថា ការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នៅខេត្តសៀមរាបសម្រាប់ កុមារកំព្រា និងកុមារគរថ្លង់មកពីអង្គការគ្រួសារថ្មីនៅពេលនេះ គឺក្នុងគោលដៅ កាត់បន្ថយចំនួនអ្នកស្លាប់ដោយសារលង់ទឹកនៅប្រទេសកម្ពុជា ជាពិសេសកុមារគរថ្លង់។ តាមរយៈការបង្រៀនកុមារគរថ្លង់ឱ្យចេះហែលទឹកនេះ ដើម្បីឱ្យពួកគេចេះជួយសង្គ្រោះ ខ្លួនឯងនៅក្នុងទឹក នៅពេលពួកគេស្ថិតនៅក្នុងគ្រោះថ្នាក់ផ្លូវទឹក ឬគ្រោះទឹកជំនន់។លោកបានបញ្ជាក់ថា ការបង្រៀនពីវិធីសាស្ត្ររំដោះខ្លួនចេញពីការលង់ទឹក ដល់កុមារគរថ្លង់ចំនួន៩០នាក់នៅខេត្តសៀមរាប គឺជាព្រឹត្តិការណ៍បន្ទាប់ពីរាជធានីភ្នំពេញ ហើយនៅពេលខាងនេះ និងធ្វើឡើងនៅតាមបណ្តាខេត្តផ្សេងៗទៀត។ លោកបានអំពាវនាវ ឱ្យដល់សប្បុរសជនជួយគាំទ្រដល់កម្មវិធីនេះ ព្រោះកម្មវិធីនេះដំណើរការទៅបានលុះត្រា មានការឧបត្ថម្ភពីសប្បុរសជន៕

ដោយ ឃុត សៅ