រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឲ្យមន្រ្តីស្ថានីយ៍វិទ្យុ និងទូរទស្សន៍ររបស់រដ្ឋបង្កើនការងារផ្សព្វផ្សាយព័ត៌មានឲ្យមានប្រសិទ្ធភាព

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ែន សុវុទ្ធី ៖​


រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញឲ្យមន្រ្តីស្ថានីយ៍វិទ្យុ និងទូរទស្សន៍ររបស់រដ្ឋបង្កើនការងារផ្សព្វផ្សាយព័ត៌មានឲ្យមានប្រសិទ្ធភាព ដើម្បីធានាឲ្យអ្នកស្តាប់មានការជឿទុកចិត្ត ទទួលបានព័ត៌មានពិតមិនក្លែងបន្លំ។


​ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៏វិទ្យុFMជាតិ៩៦ នៅព្រឹកថ្ងៃទី ៣ខែធ្នូ នេះ​ ឯក​ឧត្តម​ ខៀវ កាញារីទ្ធ រដ្ឋមន្រី្តក្រសួងព័ត៌មានបានណែនាំដល់គ្រប់មន្រ្តីទាំងអស់មិនថាតែស្ថានីយ៍វិទ្យុ និងទូរទស្សន៍ប៉ុណ្ណោះទេ គឺត្រូវតែរួមគ្នាបង្កើនការងារផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទូលាយលឿនរហ័ស ដើម្បីឲ្យមហាជនទូទៅបានស្តាប់ និងទទួលបានព័ត៌មានពិតច្បាស់លាស់ងាយស្រួលក្នុងការធ្វើសេចក្តីសម្រេចចិត្ត។


ឯកឧត្តម រដ្ឋមន្រ្តីបានបញ្ជាក់ថា ការជំរុញឲ្យស្ថានីយ៍ផ្សព្វផ្សាយរបស់រដ្ឋបង្កើនការផ្សព្វផ្សាយព័ត៌មាននេះ បានធ្វើឡើងខណៈដែលបច្ចុប្បន្នអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ទូរទស្សន៍ជាតិកម្ពុជា និងទីភ្នាក់សារព័ត៌មានកម្ពុជា មានការរីកចំរើនគួរអោយកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃដែលបំរើដល់អ្នកស្តាប់និងអ្នកទស្សនា ជាច្រើននៅទូទំាងប្រទេស។ ឯឧ.បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបានផ្សាយព័ត៌មានបានទាន់ពេលវេលា និងច្បាស់លាស់ល្អ មិនក្លែងបន្លំ និងធ្វើឲ្យអ្នកស្តាប់មានការជឿទុកចិត្តបាន។
សូមបញ្ជាក់ថា ក្រសួងព័ត៌មានមានបណ្តាញផ្សព្វផ្សាយព័ត៌មានសំខាន់ៗចំនួន៦ គឺ ទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា AM 918 វិទ្យុជាតិវត្តភ្នំ វិទ្យុជាតិ FM 96 ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងឧបករណ៍វៃឆ្លាតក្រសួងព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានគ្រប់រស់ជាតិបំរើដល់អ្នកស្តាប់និងអ្នកទស្សនានៅទូទំាងប្រទេស៕