ក្រសួងការបរទេស៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាជាមួយអាមេរិក

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨  — រដ្ឋមន្ត្រីក្រសួងការបរទេស​រុស្ស៊ី​លោក សឺហ្គេ ឡាវរ៉ូវ​បាននិយាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តកិច្ចចរចាជាមួយអាមេរិក ដែលស្ថិតក្រោមការផ្តល់​យោបល់​ពីទីប្រឹក្សាសន្តិសុខជាតិ     អាមេរិក លោក ចន ប៊ូតុន នាពេលឆាប់ៗនេះ ខណៈដែល​ទីក្រុង​វ៉ាស៊ីង​តោន​គឺត្រៀមខ្លួនជាស្រេចដែរសម្រាប់បញ្ហានេះ។

លោក​ ឡាវរ៉ូវ បានប្រាប់ទូរទស្សន៍រដ្ឋ Rossiya-1 នៅខាងក្រៅកិច្ចប្រជុំកំពូលG20ថា​លោក ប៊ូតុន បានទាក់ទងជាមួយទីប្រឹក្សាប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov ហើយ​បានអះអាងថា ប្រទេសទាំងពីរអាចនឹងបន្តកិច្ចចរចា និងធ្វើកិច្ចពិគ្រោះយោបល់ជាធម្មតា​ឡើងវិញ។

តាមចំណាដែលបានចេញផ្សាយរបស់ក្រសួងបានឱ្យដឹងថា លោកឡាវរ៉ូវ បាននិយាយ​ថា យើងត្រៀមខ្លួនជាស្រេចសម្រាប់ការងារនេះ កាន់តែឆាប់ដែលអាចធ្វើទៅបានសម្រាប់​ការងារ​នេះ ជាមួយសហការីរបស់យើង។

កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតិអាមេរិក លោកដូណាល់ ត្រាំ បានលប់​ចោល​កិច្ចប្រជុំដែលបានគ្រោងទុកពីពេលមុនមួយ ជាមួយសមភាគីរុស្ស៊ីរបស់លោក លោក វ្លាឌីមៀរ ពូទីន នៅខាងក្រៅកិច្ចប្រជុំកំពូលG20 ដោយយោងទៅលើការប្រឈមមុខដាក់គ្នាដែលកាន់​តែ​បន្តរុស្ស៊ី-អ៊ុយក្រែន នៅជុំវិញសមុទ្រ Azov។

រុស្ស៊ីបានសំដែងការខកចិត្ត ចំពោះការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីងតោន ដោយ​និយាយថា ទង្វើនេះគឺជាលទ្ធផលមួយនៃនយោបាយផ្ទៃក្នុងអាមេរិក និងជាការខ្វះចន្លោះនៃ​របៀប​វារៈមួយតែប៉ុណ្ណោះ។

វិមានក្រឹមឡាំងបាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីងតោន​បានស្ថិតនៅ​ក្នុង​កិច្ចទំនាក់ទំនងគ្នា បន្ទាប់ពីលោក ត្រាំ បានលប់ចោលកិច្ចប្រជុំនោះ ប៉ុន្តែមេដឹកនាំទាំងពីរ គឺហាក់ដូចជាចង់ធ្វើកិច្ចចរចាគ្នាឡើងវិញនាពេលឆាប់ៗខាងមុខនេះ៕

( ប្រភព ស៊ីនហួ: បកប្រែដោយលោក មាស សំអុល )