រដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពិភាក្សាគ្នាពីចំណងទាក់ទងទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ — ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋមន្រ្តី​ការបរទេសកូរ៉េខាងជើង​លោក រី​ យ៉ុង-ហូ បានពិភាក្សាគ្នាពីចំណងទាក់ទងទ្វេភាគី​ជាមួយ​ពួកមន្រ្តីជាន់ខ្ពស់វៀតណាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេស​អាស៊ី​ភាគអាគ្នេយ៍មួយនេះ។

តាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA)បានឱ្យដឹងថា លោក រី បានជួបប្រជុំ​ជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តី​វៀតណាម​លោក Pham Binh Minh ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក​នៅ​ទីនោះ។

KCNA បានផ្សាយជាភាសាអង់គ្លេសថា ភាគីទាំងពីរបានផ្លាស់ប្ទូរទស្សនៈគ្នាទៅវិញទៅ​មក​យ៉ាងស៊ីជម្រៅ ហើយបានឈានដល់ការព្រមព្រៀងគ្នាលើបញ្ហាការអភិវឌ្ឍកិច្ចទំនាក់ទំនង់​គ្នាបន្ថែមទៀត ព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ។ ទីភ្នាក់ងារនេះ មិនបានផ្តល់នូវព័ត៌មានលម្អិតបន្ថែមថា តើពួកគេបានពិភាក្សាគ្នាស្តីពី​អ្វីខ្លះក្នុងអំឡុងពេលកិច្ចប្រជុំនោះដែរ។

កាលពីពេលមុននេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា លោក រី និងលោក​នាយក​រដ្ឋមន្រ្តីបានផ្លាស់ទស្សនៈគ្នាទៅវិញទៅមក​ ស្តីអំពីគោលនយោបាយកែទម្រង់របស់​ប្រទេស​វៀតណាម ដែលគេស្គាល់ច្បាស់ថា «ដូមើយ» (Doi Moi) នោះ។ ក្នុងអំឡុងពេលស្នាក់នៅទីនោះរបស់លោក KCNA បានរាយការណ៍ថា បានធ្វើ​ទស្សនកិច្ចនៅសារមន្ទីរតម្កល់សព្វប្រធានាធិបតីវៀតណាម លោក ហូ ជីមិញ​ និងបានទស្សន​កិច្ច​នៅបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មវៀតណាម​នៅទីក្រុងឆ្នេសមុទ្រ ហាឡុង។ លោកបាន​ចាក​ចេញទៅកាន់ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការឈប់សំចតដំណើរទស្សនកិច្ច​ចំនួន៤ថ្ងៃរបស់លោកនៅប្រទេសវៀតណាមរូចមក៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )