សម្តេចពញាចក្រី ហេង សំរិន៖ ៤០ឆ្នាំកន្លងផុតទៅ ក៏នៅតែមិនអាចបំភ្លេចបានពីអតីតកាល

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មានតុភូមិកម្ពុជា មានប្រសាសន៍ថា «ពិតមែនតែអស់រយៈពេល៤០ឆ្នាំកន្លងផុតទៅ ប៉ុន្តែយើងទាំងអស់គ្នាពិតជាមិនអាចបំភ្លេចបាននូវអតីតកាលដ៏ងងឹតសូន្យសុង ដែលពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមបានឡើយ»។

សម្តេចពញាចក្រី ហេង សំរិន បានថ្លែងបែបនេះ ក្នុងឱកាសមីទ្ទិញមហាជន ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលត្រូវបានធ្វើឡើងក្នុងទឹកដីភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយមានមហាជនចូលរួមប្រមាណ២០,០០០នាក់។

សម្តេចពញាចក្រី ហេង សំរិន បានថ្លែងបន្តថា អង្គការរបស់ប៉ុលពត បានប្លន់យកទាំងស្រុងនូវសមិទ្ធផលនៃការតស៊ូរបស់ប្រជាជនកម្ពុជា ដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព ហើយបានបំផ្លាញអស់នូវតម្លៃរបស់មនុស្ស ក៏ដូចជារចនាសម្ព័ន្ធនៃសង្គមជាតិទាំងមូល។ ប្រជាជន ត្រូវបាត់បង់ទាំងស្រុងនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ដោយត្រូវរស់ក្នុងភាពភ័យរន្ធត់ តក់ស្លុត អស់សង្ឃឹម ហើយទទួលរងនូវទារណកម្ម និងការសម្លាប់រង្គាលក្រោមរបបដ៏ឃោឃៅនេះ។ ភាពឈឺចាប់នៃអង្គការរបស់ប៉ុលពត បានបង្ខំឲ្យវីរៈជនស្នេហាជាតិ បង្កើតឲ្យមានចលនា តស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ ឆ្នាំ១៩៧៨ ដើម្បីរំដោះប្រទេសពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅ របបខ្មែរក្រហម ឬ របប ប៉ុល ពត។ 

ចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ ចាប់កំណើតឡើងនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដោយស្ថាបនិករបស់សម្តេចអគ្គមហាទាំងបីមានដូចជា៖ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, រួមនិងវីរជនខ្មែរ ជាច្រើនរូបទៀត រហូតបានឈានទៅរកការរំដោះជាតិមាតុភូមិបានទាំងស្រុងអង្គការរបស់ប៉ុលពត នៅថ្ងៃ៧ មករា ១៩៧៩។

សម្តេចពញាចក្រី មានប្រសាសន៍បន្តថា «ប្រវត្តិសាស្ត្រ មិនមែនជាការនិពន្ធទេ ប៉ុន្តែគឺជាអ្វីៗ ដែលមានពិត និងមិនអាចប្រកែកបានឡើយ”។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋសប្បាយរីករាយចំពោះ ការរស់រានមានជីវិតឡើងវិញ ប៉ុន្តែកម្ពុជាត្រូវប្រឈមនឹងឧបសគ្គ ផលលំបាករាប់ម៉ឺនជំពូក។ យើងបានកសាងអភិវឌ្ឍន៍កម្ពុជាពីបាតដៃទទេ។ ដៃម្ខាងកសាងជាតិ ដៃម្ខាងការពារកុំឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ កម្ពុជាដ៏ក្រីក្របំផុត ថែមទំាងត្រូវទទួលរងនូវការហ៊ុមព័ទ្ធ ទាំងខាងនយោបាយ និងសេដ្ឋកិច្ចយ៉ាងអយុត្តិធម៌ថែមទៀត ពីសំណាក់ប្រទេសមួយចំនួន ដែលបានរួមគ្នា ប៉ុនប៉ងកម្ចាត់សាធារណរដ្ឋប្រជាមានិតកម្ពុជាទៀត»។ សម្តេចសង្កត់ធ្ងន់ថា ទំរាំមានថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងអស់ពីកម្លំាងកាយចិត្តក្នុងបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងបានយកអាយុជីវិតប្តូរនឹងសេចក្តីសុខរបស់ប្រជាជននិងការរីកចម្រើនប្រទេសជាតិ។ 

ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នត្រូវបានដូរឈ្មោះជា«    រណសិរ្សសាមគ្គីអភិវឌ្ឍន៍មានតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា។

សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា មហាជ័យជំនះ៧មករា១៩៧៩ បានបញ្ចប់នូវសម័យកាលដៅខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយបានបើកឡើងនូវសករាជថ្មី ដោយបានធ្វើឲ្យប្រជាជនកម្ពុជាទទួលបានមកវិញនូវសិទ្ធិ សេរីភាព និងឱកាសដើម្បីស្តារ និងកសាងជាតិមាតុភូមិឡើងវិញ។ 

ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់   សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសន្តិសុខ ស្ថិរភាព និងការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស៕