សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមក្នុងពិធីក្រុងពាលី សូត្រមន្ដ និងដាក់​កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ នៅវិមានអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ

AKP ក្រចេះ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិក រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុង​ពិធីក្រុងពាលី និងសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា នៅបរិវេណវិមានអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ កាលពីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

ការរៀបចំពិធីនេះឡើងគឺដើម្បីចូលរួមអបអរសាទរខួប៤០ឆ្នាំថ្ងៃបង្កើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជានាថ្ងៃទី០២ធ្នូ ឆ្នាំ១៩៧៨ និងការតស៊ូផ្តួលរំលំ របបប្រល័យពូជសាសន៍​ខ្មែរក្រហម។ ពិធីនេះ មានការអញ្ជើញចូលរួមពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជា​ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និង​លោកជំទាវ  សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមានការអញ្ជើញ​ចូលរួមពីសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំង  ឯកឧត្តម ស៊ីម កា អនុ​ប្រធាន​ទី១ ព្រឹទ្ធសភា លោកជំទាវ ឃួនសុដារី  អនុប្រធានទី២ រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានី ខេត្ដជាច្រើន​រូប​ទៀត។

បន្ទាប់ពីពិធីក្រុងពាលី និងសូត្រមន្តរួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវ ព្រមទាំងសមាជិកសមាជិកាព្រឹទ្ឋសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាង​ក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធររាជធានី ខេត្ត បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ បុព្វការីជន វីរបុរស ស្នេហាជាតិ និងប្រជាពលរដ្ឋដែលបានពលីជីវិត ដើម្បីរំដោះ​ប្រទេស​ជាតិ។

សូមរម្លឹកថា ការប្រារព្ធពិធីមិទ្ទីញខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតរណសិរ្ស​សាមគ្គីសង្រ្គោះជាតិកម្ពុជា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ​​ដែលជាមូលដ្ឋានដំបូងនៃការ​ប្រកាសជាឱឡារិកចំពោះជាតិ-អន្តរជាតិ អំពីការ​ប្រមូលផ្តុំកម្លាំង និងការចូលរួមពីគ្រប់កម្លាំង​នៃចលនាតស៊ូ ដើម្បីបង្កើតរណសិរ្សសាមគ្គី​សង្រ្គោះ​ជាតិកម្ពុជា ដែលជាថ្ងៃចាប់បដិសន្ធិនៃកម្លាំងស្នេហាជាតិទូទាំងប្រទេសសម្រាប់​ការ​ធ្វើ​មហាចលនាតស៊ូ ក្នុងគោលដៅរំដោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជាឱ្យរស់រាន​មានជីវិត​ឡើងវិញ ពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត៕

ដោយ អ៊ុន រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា ថាច់ ផាណារ៉ុង