ប្រជាពលរដ្ឋខ្មែរ វាយគង ទូងស្គ នៅគ្រប់ទីកន្លែង ដើម្បីអបអរសាទរការដាក់ ល្ខោនខោលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

ល្ខោនខោល ត្រូវបាន អង្គការយូណេស្កូពិភពលោក ដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ ។

ជាមួយព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បានប្រារព្ធពិធីអបអរសាទរ តាមរយៈ ស្នូរវាយគង ទូងស្គ ទះប៉ោត និងគោះត្រដោក បានបន្លឺឡើងនៅគ្រប់ទីកន្លែង ទូទាំងប្រទេស នៅវេលាម៉ោង១០យប់ ថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រនៃការដាក់បញ្ចូល ល្ខោនខោល ចូលក្នុងបញ្ជីបេតិកភ័ណ្ឌ អរូបីយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ។


ជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ បា្ររព្ធពិធីអបអរសាទរនេះ ដោយមានការចូលរួមពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងមន្ត្រីរាជការក្រោមឱវ៉ាតរដ្ឋបាលរាជធានីភ្នំពេញយ៉ាងច្រើនកុះករ ។


ល្ខោនខោល ដែលជាស្នាដៃសិល្បៈ​បុរាណដ៏វិសេសវិសាល​អស្ចារ្យ​របស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់ចូលក្នុងបញ្ជី បេតិកភ័ណ្ឌពិភពអរូបីយនៃមនុស្សជាតិ ក្នុងឱកាសកិច្ចប្រជុំ​លើកទី​១៣ ក្នុងទីក្រុងព័រល្វីស នៃសាធារណរដ្ឋម៉ូរីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។


សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទន​ភាព​ថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផល​នេះ​ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារ​យ៉ាង​សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជា​ជន​កម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រ​លើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។


សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់បញ្ចូល ល្ខោនខោល ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក ៕