កម្ពុជាធ្វើជាសហប្រធានកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ី លើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង កម្ពុជា និង ឥណ្ឌូនេស៊ី

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ី លើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ីជាមួយលោកជំទាវ រ៉េតណូ ម៉ារស៊ូឌី (Retno L.P. Marsudi) រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហ្សាការតា តបតាមការអញ្ជើញរបស់ លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

សេចក្តីប្រកាសព័ត៌មាន នៃនាយកដ្ឋានព័ត៌មានក្រសួងការបរទេស អោយដឹងថាកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី៤ នឹងពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗដែលអនុវត្តដោយប្រទេសទាំងពីរ។ លើសពីនេះទៅទៀត កិច្ចប្រជុំ នឹងរិះរកលទ្ធភាពក្នុងការប្រើប្រាស់សក្តានុពលសម្រាប់ផលប្រយោជន៍រួមគ្នា និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវចំណងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលបានលើកកម្ពស់អស់រយៈពេលជាច្រើនឆ្នាំដោយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំគណៈកម្មការចម្រុះនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-ឥណ្ឌូនេស៊ីលើកទី៤ ៕