រដ្ឋមន្ត្រីក្រសួងព័ត៌មាន កោតសរសើររោងចក្រស្រាបៀរកម្ពុជា ជាស្នាដៃរបស់ខ្មែរពិត

វិទ្យុជាតិកម្ពុជា៖ ដោយ លោក អ៊ួង វុធ៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរ ចំពោះ​រោងចក្រស្រា​បៀរ​កម្ពុជា ដែលបង្កើតឡើង និងដឹកនាំដោយកូនខ្មែរពិតៗ និងបាន​ជួយផ្តល់ឱកាស ការងារឲ្យកូនខ្មែរមានការងារធ្វើបន្ថែមទៀត។


ក្នុងកម្មវិធី ស្វាគមន៏អ្នកសារព័ត៌មាន នៅរោងចក្រស្រាបៀរកម្ពុជា កាលពីល្ងាចថ្ងៃទី ៣០វិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន មានប្រសាសន៏ថា ក្រុមហ៊ុនជីបម៉ុងគ្រុប គឺជាក្រុមហ៊ុនធំនិង​មាន​ឈ្មោះល្បី។តែទន្ទឹមនេះ យើងឃើញ ថា គឺរោ​ងចក្រស្រា​បៀរកម្ពុជា​នេះ ជារោងចក្ររបស់ខ្មែរយើងសុទ្ធសាទ និងមានតែមួយថែម ទៀត ។


ឯកឧត្តម រដ្ឋមន្រ្តីបន្តថា រោងចក្រស្រាបៀរកម្ពុជា មិនមែនគ្រាន់​តែ​ជាស្នាដៃរបស់កូនខ្មែរ និង ដឹក នាំដោយខ្មែរប៉ុណ្ណោះទេ គឺមាន​ឈ្មោះ​ល្បី និងទទួលបានជោគជ័យបន្ថែមទៀត ។ពិសេសរោង ចក្រស្រាបៀរកម្ពុជា ដែលជាស្នាដៃរបស់កូនខ្មែរនេះ ថែមទាំង​បាន​ផ្តល់ឱកាសការងារឲ្យកូន ខ្មែរ មានការងារធ្វើ បានគ្រប់ផ្នែក ដើម្បី បង្កើនចំណូលទ្រទ្រង់ជីវភាពជូនដល់សហគមន៏នៅជុំវិញ និងបាន​ជួយបណ្តុះបណ្តាលចំណេះដឹង ដល់កូនខ្មែរជំនាន់ក្រោយ​ជាបន្ត​បន្ទាប់។


ឯកឧត្តម បានបញ្ជាក់ថា យើងបានឃើញថា ក្រុមហ៊ុនជីប​ម៉ុង​បាន​ជួយសង្គមច្រើន ជាពិសេសឯកឧត្តមសប្បាយចិត្ត ដោយមាន​រោង​ចក្រស្រាបៀរ ដែលខ្មែរយើងជាអ្នកធ្វើ និងមានខ្មែរច្រើន។ យើងត្រូវ បណ្តុះបណ្តាលជាងម៉ាស៊ីន បណ្តុះបណ្តាលក្រុមឃ្លាំង អ្នកដឹកជញ្ជូន និងត្រូវការអ្នកផ្នែកគីមីទៀត ដោយសារ ឥឡូវខ្មែរ​យើងមាន​សាលា​គីមី ថ្ងៃក្រោយ ឲ្យយុវជនខ្មែរបាន​ការសិក្សា​រៀន​សូត្រ ព្រោះមុខវិជ្ជា​គីមីវិទ្យាជាការសំខាន់។
តំណាងក្រុមហ៊ុន ស្រាបៀរកម្ពុជាបានបញ្ជាក់ថា៖ ស្រាបៀរ​កម្ពុជា​​​បានបង្កើតឡើងនៅឆ្នាំ២០០៩ ។ ស្រាបៀរកម្ពុជ បានចូលរួម​ចំណែក​បរិច្ឆាកជួយសង្គម មានមូនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា សមរ​ភូមិ​មុខ ឧបត្ថម្ភជាបង់អង្គុយ នៅតាមសាលា មានអាហាររូប​ការណ៏​ជួយ​និស្សិត មានរថយន្តពន្លត់អគ្គីភ័យជាដើម។
សូមបញ្ជាក់ថា៖ នេះជាឆ្នាំទី២ហើយ ដែលរោងចក្រស្រាបៀរកម្ពុជា បានអញ្ជើញ អ្នកសារព័ត៌ជួបជុំគ្នា ដើម្បី បង្កើនភាពស្និតស្នាល​បាន​ស្គាល់គ្នាកាន់តែច្រើន និងបានស្គាល់អំពី ស្នាដៃនៃផលិតផលរបស់​ខ្មែរពិតបាកដ៕