សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អំពាវនាវឱ្យយុវជន យុវនារីជំនាន់ក្រោយ ត្រូវថែរក្សា​មរតកសន្ដិភាពជាប្រវត្ដិសាស្រ្ដ២ធ្នូ ឱ្យបានគង់វង្ស

AKP ក្រចេះ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ — សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិ​រណ​សិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអំពាវនាវដល់ក្មួយៗយុវជន យុវនារីជំនាន់ក្រោយ ត្រូវតែថែរក្សាឱ្យបានគង់វង្សនូវមរតកសន្ដិភាពជាប្រវត្ដិសាស្រ្ដដែលអ្នកជំនាន់មុនបានខិតខំធ្វើពលីកម្មកសាងឡើងដោយសមុទ្រឈាម និងទឹកភ្នែក។

ក្នុងពិធីជួបសំណេះសំណាលជាមួយយុវជន យុវនារីដែលចូលរួមក្នុងព្រឹត្ដិការណ៤០គីឡូម៉ែត្រទៅកាន់ប្រវត្ដិសាស្រ្ដ កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅវិមាន​អនុស្សាវរីយ៍​រណសិរ្ស២ធ្នូ ដែលស្ថិតក្នុងស្រុកស្នួល ខេត្ដក្រចេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា សម្រាប់ក្មួយៗយុវជន យុវនារី​ជំនាន់ក្រោយដែលនឹងក្លាយជាអ្នកបន្ដវេនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសគឺ ត្រូវចង​ចាំជានិច្ច​ ដែលរណសិរ្ស២ធ្នូ បង្កើតឡើងក្នុងឆ្នាំ១៩៧៨ បានក្លាយជាកញ្ចក់ប្រវត្ដិសាស្រ្ដ​ដ៏សំខាន់សម្រាប់សង្គមជាតិកម្ពុជា។ ទន្ទឹមនេះ ត្រូវបន្ដខិតខំពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុង និងរៀនសូត្រពីគំរូវីរភាពនៃការលះបង់យ៉ាងច្រើនឥតគណនារបស់បុព្វការីជន វីរជន អ្នក​ស្នេហាជាតិ ដែលបានធ្វើអី្វៗទាំងអស់ ដើម្បីជាតិ មាតុភូមិ និងប្រជាជន។ សម្ដេចអគ្គម​ហាពញាចក្រី បានណែនាំដល់យុវជន យុវនារីជំនាន់ក្រោយ ត្រូវចងចាំថា សន្ដិភាពគឺជាកត្ដា​មូល​ដ្ឋានគ្រឹះដើម្បីធានាដល់ដំណើរការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងធានាដល់ការអភិវឌ្ឍក្របកដោយចីរភាព សមភាព ព្រមទាំងជីវភាពរស់នៅដល់​ភាពសុខ​សាន្ដ និងកិត្ដិយសរបស់ប្រជាជនកម្ពុជា។ សម្ដេចពញាចក្រីបានបន្ថែមថា “យើងបាត់បង់​សន្ដិភាព យើងនឹងត្រូវបាត់បង់អ្វីៗទាំងអស់​ ហើយទម្រាំតែប្រទេសជាតិមានសុខសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ គឺត្រូវឆ្លងកាត់នូវឧបសគ្គ និងដំណាក់កាលជាច្រើន។ ហេតុនេះ ចូរក្មួយៗជាយុវជន យុវនារីទាំងអស់ ត្រូវរួមគ្នាការពារសន្ដិភាពជាតិរបស់​យើងឱ្យបានគង់វង្ស។”

សម្ដេចពញាចក្រី ក៏បានលើកឡើងផងដែរ ការចូលរួមយ៉ាងសកម្មរបស់យុវជន យុវនារី ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធីធ្វើដំណើរក្នុងចម្ងាយ៤០គីឡូម៉ែត្រ ឆ្ពោះមកកាន់​ទីតាំង ប្រវត្ដិសាស្រ្ដ២ធ្នូ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០នៃការបង្កើតរណសិរ្ស​សាមគ្គី សង្រ្គោះជាតិកម្ពុជា ខណៈកាលពី៤០ឆ្នាំមុនដែលថ្នាក់ដឹកនាំក៏ដូចជាយុវជន​ជំនាន់​មុនបាន ខិត​​ខំតស៊ូយ៉ាងលំបាកក្នុងការរំដោះប្រទេសជាតិ មាតុភូមិឱ្យរួចផុតពីរបបប្រល័យពូជ​សាសន៍ខ្មែរក្រហម។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានឱ្យដឹងថា ការរៀបចំ ព្រឹត្ដិការណ៍ដើរ៤០គីឡូម៉ែត្រទៅកាន់ប្រវត្ដិសាស្រ្ដនេះ គឺក្នុងគោលបំណងដើម្បីចូលរួមរម្លឹក ខួប៤០ឆ្នាំនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងវីរភាពក្នុងការលះបង់ តស៊ូរបស់​យុវជនជំនាន់មុន ព្រមទាំងគុណូបការៈដ៏ធំធេងរបស់ស្ថាបនិក២ធ្នូ ដែលមានសម្ដេចអគ្គមហា​ធម្មពោធិសាស ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ក្នុងការចូលរួមលះបង់អាយុជីវិត ដើម្បីរំដោះប្រទេសជាតិ និងផ្ដួលរំលំ​របបប្រល័យពូជសាសន៍​ប៉ុល ពត។ ឯកឧត្តមបានបន្ដថា ក្នុងព្រឹត្ដិការណ៍៤០គីឡូម៉ែត្រនេះ ក៏ដើម្បីសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ និងការតស៊ូរបស់ថ្នាក់ដឹកនាំជំនាន់មុនក្នុង​ការធ្វើ​ដំណើរឆ្លង​កាត់ឧប​សគ្គវែងឆ្ងាយ ជាពិសេសការសាកល្បងរបស់យុវជន យុវនារី ថាតើ​ពួកគេអាចតស៊ូការ​លំបាកទាំងអស់នេះបានដែរ ឬទេ។ ទន្ទឹមនេះ គោលដៅបន្ថែមទៀតគឺ​ការរម្លឹកវីរភាព និងការស្វែងយល់បន្ថែមអំពីគុណតម្លៃនៃការលះបង់អាយុជីវិត របស់យុវជន យុវនារី និងថ្នាក់ដឹកនាំជំនាន់មុនកាលពី៤០ឆ្នាំមុន។ ឯកឧត្តមបានបន្ថែមថា ព្រឹត្ដិការណ៍នេះ​គឺចង់ផ្ដល់ឱកាសដល់យុវជន យុវនារីអាចសាកល្បង និងការតស៊ូដោយខ្លួនឯង ជាពិសេស​ទឹកចិត្ដក្នុងការរួមសាមគ្គីគ្នាក្នុងដំណើរ៤០គីឡូម៉ែត្រដែលបានឆ្លងកាត់នូវឧបសគ្គជាច្រើន ទើបសម្រេចមកដល់គោលដៅ។

សូមបញ្ជាក់ថា ក្នុងព្រឹត្ដិការណ៍ដើរ៤០គីឡូម៉ែត្រទៅកាន់ប្រវត្ដិសាស្រ្ដនេះ​គឺមានអ្នក​ចូល​រួមរហូតដល់៨៤៥នាក់ និងចែកចេញជា២២ក្រុម ដែលចាប់ផ្ដើមចេញដំណើរពីសាលា​បឋម​សិក្សាកោះថ្ម បន្ដទៅដល់វរៈការពារព្រំដែន៦១៧ ក្នុងស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ហើយ​បន្ដដំណើរឆ្លងកាត់ភូមិ វាលស្រែ ឆ្លងអូរ ព្រែកជាច្រើនដំណាក់ រហូតដល់វិមាន​អនុស្សាវរីយ៍​រណសិរ្ស២ធ្នូ ដែលស្ថិតក្នុងស្រុកស្នួល ខេត្ដក្រចេះ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា, ថាច់ ផាណារ៉ុង