ប្រជាពលរដ្ឋកម្ពុជាត្រៀមអបអរសាទរល្ខោនខោលដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅម៉ោង១០យប់នេះ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោក ស្រី ធីណា ឌីណេ សម្រួលដោយលោកហុកសុខរិន

ភ្នំពេញ៖ ប្រជាពលរដ្ឋគ្រប់ទិសទី ត្រៀមវាយគង ទូងស្គ ទះប៉ោត គោះត្រដោកនារាត្រីម៉ោង ១០យប់ថ្ងៃទី៣០ ខែវិច្ឆិកានេះ ដើម្បីអបអរព្រឹតិ្តការណ៍ជាប្រវត្តិសាស្រ្ត នៃការចុះបញ្ជីល្ខោនខោល ចូលក្នុងបេតិកភណ្ឌអរូបី នៃមនុស្សជាតិ។

លោក មិត្ត ចន្ធី ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា ពិតជាមានអារម្មណ៍ សប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលល្ខោនខោល ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌអរូបី នៃមនុស្សជាតិ។ លោកបានបន្តទៀតថា ដើម្បីចូលរួមអបអរព្រឹតិ្តការណ៍ជាប្រវត្តិសាស្រ្ត នេះ ក្រុមគ្រួសាររបស់លោកបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការ គោះធុង ឬប៉ោត ដើម្បីអបអរសាទរ ព្រឹតិ្តការណ៍ នៃការអនុម័តយល់ព្រមចុះ ល្ខោនខោល កាលពីថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៨កន្លងទៅនេះ។

សំឡេង៖«ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ នៅពេលដែលល្ខោនខោល របស់ប្រទេស កម្ពុជាយើង ត្រូវបានយូណេស្កូចុះបញ្ជើនៅក្នុងនៅបេតិកភណ្ឌអរូបី នៃមនុស្សជាតិ ហើយខ្ញុំនិងក្រុមគ្រួសារ និងអ្នកជិតខាងនិងធ្វើពិធីអបអរសាទរ នៅយប់នេះ និង គោះប៉ោត ឬគោះធុងឬអាចនិងចាក់ធុងបាស រាំលេងកំសាន្តនៅពេលដែលរាជរដ្ឋាភិបានចាប់ផ្តើមប្រារព្ធពិធី»។

ស្រដៀងគ្នានេះដែលលោកស្រី វ៉ាន់ ដានី ប្រជាពលរដ្ឋរស់នៅ ខេត្តកំពង់ចាមបានមានប្រសាសន៍ថា នេះជាមោទនភាព​​ណាស់ ដែលល្ខោនខោលរបស់កម្ពុជាបានចុះក្នុងបញ្ជីបេតិភណ្ឌពិភពលោក ដែលធ្វើអោយពិភពលោកកាន់តែស្គាល់ពីភាពអស្ចារ្យនិងភាពរុងរឿងនៃវប្បធម៌ខ្មែរ។

សំឡេង៖« ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ដោយសារតែល្ខោនខោលនឹងបានចុះបញ្ជីបេតិកភណ្ឌអរូបី នៅលើពិភពលោកនិង ហើយសប្បាយចិត្តខ្លាំងណាស់ ហើយនៅក្នុងយប់និងគ្រួសាររបស់ខ្ញុំនិងត្រៀម គោះប៉ោត គោះអីដើម្បីអបអរសារទរនៅក្នុងយប់និង ហើយភូមិឃុំរបស់ខ្ញុំក៏គេត្រៀម ដូចខ្ញុំចឹងដែរ ហើយនៅវត្តអារាមក៏គេធ្វើដែល»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋ គ្រប់ខេត្ត រាជធានី ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារ៉ាម នៅគ្រប់ទីកន្លែងសាធារណៈ សំខាន់ៗ គ្រឹះស្ថានសិក្សា​​នានា រម្មណីយដ្ឋាន មន្ទីរ អង្គភាពគ្រប់ស្ថានបន័រដ្ឋទំាងអស់ត្រូវចូលរួមអបអរសាទរតាមរយះការវាយគង ទូងស្គ ទះប៉ោត គោះត្រដោក និងតាមគ្រប់មធ្យាយបាយដែលខ្លួនមាន នៅវេលាម៉ោង ១០យប់ នាថ្ងៃទី៣០ ខែវិច្ឆិកានេះ បន្ទាប់ពីល្ខោន​ខោល​កម្ពុជាបានចុះបញ្ជីសម្បបេតិកភណ្ឌអរូបីរបស់អង្គការយូណេស្កូនៅក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស កាលពីថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៨កន្លងទៅនេះ៕