កីឡាករ កីឡាការិនី មកពីសមាគមនានាចំណុះឱ្យ អង្គភាពកីឡានគរបាលជាតិកម្ពុជាទទួលបានការលើកទឹកចិត្ត

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ – -កីឡាករ កីឡាការិនី គ្រូបង្វឹក មកពីសមាគមនានាចំណុះឱ្យអង្គភាពកីឡានគរបាល ជាតិកម្ពុជា ទទួលបានអនុសាសន៍ និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំរបស់ខ្លួន នៅក្នុងពិធីជួប ជុំសំណេះសំណាលមួយ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសហព័ន្ធកីឡា សូហ្វតិន្នីសនៃពហុកីឡដ្ឋានជាតិ ដើម្បីចូលរួមអបអរសាទរថ្ងៃ បង្កើតរណៈសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខួបលើកទី៤០ (២ធ្នូ ១៩៧៨ – ២ធ្នូ ២០១៨)។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃមានប្រសាសន៍ថា គិតត្រឹមរយៈពេល៣ឆ្នាំ ចុងក្រោយនេះ កីឡាជំនាញក្រោមឱវាទ ក្រសួងមហាផ្ទៃបានកើនឡើងសរុប ចំនួន២៩ ប្រភេទកីឡា ដែលប្រភេទកីឡាដែលមានការអភិវឌ្ឍខ្ពស់ជាងគេ គឺកីឡាសូហ្វតិន្នីស ដែលឯកឧត្តមផ្ទាល់ជាស្ថាបនិកក្នុងការបង្កើតឱ្យចេញជាសហព័ន្ធកីឡា សូហ្វតិន្នីសកម្ពុជា ជាមួយនឹងការបណ្តុះបណ្តាលធនធានប្រកបដោយគុណខ្ពស់និងធ្លាប់ ដណ្តើមបានមេដាយ និងកិត្តិយសពីលើ ឆាកអន្តរជាតិជាបន្តបន្ទាប់ ព្រមជាមួយនឹងការ ទទួលស្គាល់ ជាផ្លូវការពីគណៈកម្មាធិការប្រតិបត្តិអាស៊ី ASTF និង សហព័ន្ធកីឡាសូហ្វតិន្នីស អន្តរជាតិ ISTFផងដែរ។

ឯកឧត្តមបន្ថែមទៀតថា ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង សហព័ន្ធកីឡាជាតិមួយនេះត្រូវបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនមានដូច ជា អគារមជ្ឈមណ្ឌលដ៏ធំស្គឹមស្គៃ និងទីលានហ្វឹកហាត់ចំនួន៤មានដំបូលតាមស្តង់ដារអន្តរជាតិ។ ជាមួយនឹង ការខិតខំអស់ពីចិត្តនេះបានធ្វើឱ្យសូហ្វតិន្នីសកម្ពុជាបាន រំកិលចំណាត់ថ្នាក់ ពិភពលោករបស់ខ្លួនពីលេខ២៣ កាលពីឆ្នាំ២០១៥ មកចំណាត់ថ្នាក់លេខ៨ នៅក្នុងឆ្នាំ២០១៨នេះ។ ក្រៅពីនេះប្រភេទកីឡាដទៃទៀតរបស់ ក្រសួងមហាផ្ទៃក៏ត្រូវបាន យកចិត្តទុកដាក់ដូចគ្នាផងដែរ ក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្វឹក កីឡាករ កីឡាការិនី សម្រាប់ការប្រកួត នាពេលខាងមុខទៀតផង។

ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃគូសបញ្ជាក់ថា សូមឱ្យកីឡាករ កីឡាការិនីចំណុះ ឱ្យអង្គភាពកីឡានគរបាលជាតិកម្ពុជាទាំងអស់គប្បីត្រូវ ប្រកាន់ខ្ជាប់នូវ ស្មារតីកីឡា និងត្រូវបន្តខិតខំអត់ធ្មត់ ហ្វឹក ហាត់ ដើម្បីដណ្តើមបាននូវមេដាយជូនអង្គភាព ក៏ដូចជាប្រទេសជាតិយើងផងដែរ។

ឯកឧត្តមអះអាងថា ស្មារតីកីឡាមិនយកអ្នកណាធ្វើជាសត្រូវឡើយ ពោលគឺជាមិត្តភាព ល្អជាមួយគ្នា ទោះប្រកួតជាមួយគ្នា ចាញ់ ឬឈ្នះ ក្តី ដែលស្មារតីកីឡានេះមានអត្ថន័យ ជ្រាលជ្រៅណាស់ ហើយជាពិសេសចំពោះស្មារតី កីឡាជាក្រុមនោះ គឺរិតតែ ត្រូវអត់ធ្មត់ខ្លាំងជាង ដែលកីឡានេះក៏បានបង្ហាញឱ្យឃើញ នូវសាមគ្គីភាពរបស់ជាតិ ផងដែរ៕

ដោយ  ហេង ណាលីន