ឯកឧត្តម ថោង ខុន លើកទឹកចិត្តឱ្យកីឡាករកីឡាការិនីកាយសម្ព័ន្ធ ខិតខំដើម្បីជោគជ័យនៅស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកឧត្តម ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានផ្តល់អនុសាសន៍ និង លើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីថ្នាលនានាគប្បីត្រូវបន្តការខិតខំដុះខាត់សមត្ថភាព បន្ថែមទៀត ដើម្បីត្រៀមខ្លួនឱ្យទទួលបានជោគជ័យនៅក្នុងស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តមប្រធានសហព័ន្ធបានលើកឡើងបែបនេះនៅក្នុងឱកាសបិទការប្រកួតកីឡាកាយសម្ព័ន្ធជ្រើស រើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តម ថោង ខុន លើកទី២ ឆ្នាំ២០១៨ ដែលបានប្រកាសបិទជាផ្លូវការកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ។

ឯកឧត្តម ថោង ខុន បន្ថែមថា ស៊ីហ្គេម ឆ្នាំ២០២៣ គឺយើងនៅសល់ពេលជាង៤ឆ្នាំ ទៀតប៉ុណ្ណោះ ដែលនេះជាវេលាមិនយូរនោះឡើយ ប៉ុន្តែពេលវេលាជាក់ស្តែងគឺមាន រយៈពេល៣ឆ្នាំដែលត្រូវហ្វឹកហាត់ត្រៀម និងហ្វឹកហាត់សមចុងក្រោយប្រហែល១ឆ្នាំ ដែលការហ្វឹកហាត់នេះយើងមាន២វិធី ដែលអាចបញ្ជូនទៅហ្វឹកហាត់ នៅក្រៅប្រទេស ឬអញ្ជើញគ្រូបរទេសមកបង្វឹកនៅក្នុងស្រុក ប៉ុន្តែបើហាត់នៅក្នុងស្រុក យើងនៅខ្វះឧបករណ៍ ឬឧបករណ៍មិនសូវមានស្តង់ដារទេ ហើយបើបញ្ជូនទៅក្រៅប្រទេសគឺគេមានឧបករណ៍ ហ្វឹកហាត់គ្រប់គ្រាន់ និង តាមលក្ខណៈស្តង់ដារបច្ចេកទេស។

ឯកឧត្តមអះអាងថា យើងត្រូវខិតខំហ្វឹកហាត់មិនត្រឹមតែ ស៊ីហ្គេម ២០២៣ ប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវខិតខំបន្តសម្រាប់ថ្ងៃអនាគតបន្ថែមទៀត។ ជាមួយគ្នានោះឯកឧត្តម សូមឱ្យកីឡាករ កីឡាការិនីទាំងអស់ប្រឹងប្រែងបើកីឡាកាយសម្ព័ន្ធនេះហ្វឹកហាត់ល្អ ក៏ងាយនឹងដណ្តើមបានមេដាយមានជូន ដល់ប្រទេសជាតិផងដែរ។

លោក ណាយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធបញ្ជាក់ថា ផ្នែកតាមការប្រកួតជ្រើស រើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តម ថោង ខុន លើកទី២ ឆ្នាំ២០១៨ ដែលចំណាយអស់រយៈពេល៦ ថ្ងៃកន្លងមកនេះ យើងសង្កេតឃើញថា កីឡាករ កីឡាការិនីទាំងអស់បានខិតខំប្រកួតប្រជែងគ្នាប្រកបដោយ ក្រមសីលធម៌ ក្រោមការកាត់សេចក្តីតាមគោលការណ៍ Fair Play របស់ចៅក្រម បញ្ចប់ដោយភាពរលូន និង ជោគជ័យ។

ជាមួយគ្នានោះលទ្ធផលដែលទទួលបានគឺឆ្នាំនេះមានការកើនឡើងនូវគុណភាពបច្ចេកទេស និងគុណផលល្អជាងឆ្នាំមុនៗ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងអប់រំ យុវជន និងកីឡា ដែលទម្លាក់ កញ្ចប់ថវិការបស់ជាតិចំនួន ៩ពាន់ដុល្លារ និងថវិកាផ្ទាល់របស់ឯកឧត្តម ថោង ខុន ជាង ១ម៉ឺនដុល្លារ សរុបជាង ២ម៉ឺនដុល្លារ សម្រាប់ការចំណាយទូទៅ និងប្រាក់រង្វាន់សម្រាប់ជ័យលាភីទាំងអស់ ដែលលេខមួយ ៥០ម៉ឺនរៀល លេខពីរ ៤០ម៉ឺនរៀល និងលេខបី ៣០ម៉ឺនរៀល និងជ័យលាភីប្រកួតជាក្រុមត្រូវ គុណនឹងចំនួនកីឡាករ កីឡា ការិនី តាមកម្រិតមេដាយនីមួយៗ ដែលប្រាក់រង្វាន់សរុប ទាំងអស់មានចំនួន ៣០លានរៀល។


សូមបញ្ជាក់ថា សម្រាប់វិញ្ញាសាដាក់ឱ្យប្រកួត មានវិញ្ញាសាកាយសម្ព័ន្ធ អាទីស្ទីក មាន៨វិញ្ញាសា និង កាយសម្ព័ន្ធ អាអេរ៉ូប៊ិក មានចំនួន៥វិញ្ញាសា សរុបចំនួន១៣ វិញ្ញាសា៕

ដោយ ហេង ណាលីន