អត្តពលិក៨នាក់ លើ៣ប្រភេទកីឡា  របស់អាស៊ីអឺរ៉ុបត្រូវប្រជែង មេដាយក្នុងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន នៅមីយ៉ាន់ម៉ា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — អត្តពលិកសមាគមកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុប៨នាក់ លើ៣ប្រភេទកីឡា ក្នុងចំណោម៦ប្រភេទកីឡា ដែលក្រសួងអប់រំ យុវជន និងកីឡាសម្រិតសម្រាំងបាននោះ នឹងត្រូវទៅចូលរួមប្រកួតប្រជែងមេដាយពី ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ នៅប្រទេសមីយ៉ាន់ម៉ា នាខែធ្នូខាងមុខនេះ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប, លោក ពៅ ហុក គ្រូកីឡា សាកលវិទ្យាល័យអាស៊ីអឺរ៉ុប គូសបញ្ជាក់ថា កីឡាករកីឡាការិនី របស់ខ្លួនចំនួន៨នាក់លើ៣ប្រភេទកីឡាត្រូវ ដែលនឹងទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ សាកលវិទ្យាល័យអាស៊ាននេះ រួមមាន៖អត្តពលកម្ម៣នាក់ មានកីឡា ករ ប៉ែនសុខគង់, ឈុន ប៊ុនថន និងកីឡាការិនី ឌួង ស្រីភាព។ ហែលទឹក៣នាក់ មានកីឡាករ លឹម កែវ ឧត្តម, ហែម ប៉ុច និងប្រភេទកីឡាប៉េតង់មាន២នាក់គឺកីឡាករ ឡាយ ទិត្យមករា និងកីឡាការិនី ស្រៀង សុរ៉ាឃីម។

លោក ពៅ ហុក អះអាងថា លើកនេះក៏ដូចជាបណ្តាឆ្នាំមុនៗដែរ គឺ អាស៊ីអឺរ៉ុប តែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រយ៉ាងខ្លាំង ក្រោមការជំរុញលើកទឹកចិត្ត និងឧបត្ថម្ភបន្ថែមពីឯកឧត្តម ឌួង លាង ប្រធានក្រុម ប្រឹក្សា ភិបាលសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។ ជាក់ស្ដែងការចេញទៅលើកនេះ ឯកឧត្តម ឌួង លាង បានឧបត្ថម្ភ ថវិកាលើកទឹកចិត្តដល់អត្តពលិកទាំង៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន ទឹកប្រាក់ចំនួន១០០ដុល្លារអាម៉េរិក។

សូមបញ្ជាក់ថា សម្រាប់កម្ពុជាដែលត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡា សាកលវិទ្យាល័យ អាស៊ាន (19th ASEAN University Games) នៅមីយ៉ាន់ម៉ា ឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោង នឹងបញ្ជូនអត្តពលិក និងគ្រូបង្វឹកលើ៦ប្រភេទកីឡា ដូចជាប្រភេទកីឡាប៉េតង់ ១៥នាក់, អត្តពលកម្ម ៤នាក់, ហែលទឹក ៤នាក់, វាយកូនឃ្លីលើតុ ១០ នាក់, ការ៉ាតេដូ ១០នាក់ និងវ៉ូវីណាម ២១នាក់ ដែលដឹកនាំឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ និងប្រតិភូអមរបស់ក្រសួងអប់រំចំនួន៥រូបផ្សេងទៀត ព្រមទាំងមន្ត្រីរដ្ឋបាល និងមន្ត្រីពេទ្យ ៧នាក់៕

ដោយ ហេង ណាលីន