ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្ដិការណ៍៤០គីឡូម៉ែត្រ ក្នុងគោលដៅរម្លឹកឡើងវិញពីការតស៊ូ ការលះបង់ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំជំនាន់មុន

AKP ក្រចេះ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការដឹកនាំ យុវជន យុវនារី ក្នុងព្រឹត្ដិការណ៍ដើរ៤០គីឡូម៉ែត្រនេះ ក្នុងគោលដៅដើម្បីរម្លឹកឡើងវិញពី​ការ​តស៊ូ ការលះបង់ និងការខិតខំប្រឹងប្រែង ព្រមទាំងតម្លៃនៃការលះបង់របស់​ថ្នាក់ដឹកនាំជំនាន់​មុន ដើម្បីសម្រេចបានជោគជ័យពីការរំដោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី ៤០ឆ្នាំ​មុន។

   

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយពីបញ្ចប់ព្រឹត្ដិការណ៍ដើរ៤០គីឡូម៉ែត្រ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមុខវិមានអនុស្សាវរីយ៍រណសិរ្យ២ធ្នូ ស្ថិតក្នុងស្រុកស្នួល ខេត្ដក្រចេះ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា នេះគឺជាស្មារតីតស៊ូរួបរួមគ្នា ហើយដាក់ផលប្រយោជន៍រួម គោលដៅរួម ដើម្បីសម្រេចជោគជ័យ រហូតមកដល់កន្លែងប្រវត្ដិសាស្រ្ដកាលពី៤០ឆ្នាំមុន ដែលជាការកកើតចលនារណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានសម្ដេចអគ្គមហាធម្ម​ពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែលបានរួមកម្លាំងគ្នា ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ដើម្បីជាផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ។ ឯកឧត្តមបានបន្ដថា “យើងចង់ឱ្យ​យុវ​ជន យុវនារី ដែលបានឆ្លងកាត់ព្រឹត្ដិការណ៍ដើរ៤០គីឡូម៉ែត្រនេះ បានដឹងច្បាស់ថា តើការ​ចូលរួមនេះ វាមានការលំបាកយ៉ាងណា មិនមែនងាយស្រួលទេ ជាពិសេសគឺ​ការលះបង់អ្វី​ដែលជាផលប្រយោជន៍ខ្លួនឯង ត្រូវខិតខំតស៊ូអត់ធ្មត់ បើទោះបីជួបការលំបាក​យ៉ាងណាក៏​ដោយ ក៏ត្រូវខិតខំអត់ធ្មត់ ដើម្បីសម្រេចបានគោលដៅរួមគ្នា សម្រាប់ប្រទេសជាតិ”។

ឯកឧត្តមបានបន្ដទៀតថា ចេញពីការយល់ដឹងបន្ថែមរបស់យុវជន យុវនារីនេះ គឺចេញ​ពីតម្លៃនៃអតីតកាល ក្នុងការផ្ដល់កិត្ដិយសដល់ការតស៊ូរបស់អ្នកជំនាន់មុន ហើយក៏ជាការ​បណ្ដុះ​ស្មារតីបន្ថែមទៀត ខណៈប្រទេសជាតិ មានសុខសន្ដិភាព និងស្ថិរភាពនោះ។ “​យើងត្រូវត្រៀមខ្លួន ដើម្បីលះបង់ការពារជាតិមាតុភូមិ ហើយយើងត្រូវរៀនសូត្រពីអតីតកាល ដើម្បីត្រៀមខ្លួន ខណៈប្រទេសជាតិត្រូវការពួកយើង។ ខ្ញុំគិតថា ព្រឹត្ដិការណ៍៤០គីឡូម៉ែត្រនេះ​គឺជាដំណាក់កាលមួយដែលយើងយកកត្ដាប្រវត្ដិសាស្រ្ដមួយដើម្បីយកមកសិក្សាបន្ថែម។” នេះជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តម ហ៊ុន ម៉ានី។ ឯកឧត្ដមបានលើកឡើងថា ក្នុងកត្ដា​ប្រវត្ដិសាស្រ្ដរបស់កម្ពុជាជាច្រើនដែលត្រូវឆ្លងកាត់ ក្នុងនាមយើងជាជនជាតិខ្មែរ ត្រូវតែរៀន​សូត្រ​ឱ្យបានច្បាស់លាស់ចំពោះភាពជោគជ័យ និងការតស៊ូនេះគួរតែសិក្សា ដើម្បីប្រែក្លាយ​ទៅជាកម្លាំងឆន្ទៈមួយ ហើយជឿថាខ្មែរធ្វើបាន ហើយយើងខ្លួនឯងត្រៀមខ្លួនដើម្បីបន្ដក្នុង​កាលៈទេសៈដែលប្រទេសជាតិចាំបាច់ត្រូវការយើង។

ឯកឧត្តមបានអះអាងថា តាមរយៈព្រឹត្ដិការណ៍៤០គីឡូម៉ែត្រនេះ គឺបានរៀនសូត្រ និង​ទទួលបាននូវបទពិសោធន៍ច្រើន ហើយបានបញ្ជាក់ច្បាស់ដល់ខ្លួនឯងកាន់តែច្បាស់ថា តើ​ថ្នាក់​ដឹកនាំជំនាន់មុន មានការតស៊ូយ៉ាងណា និងលះបង់យ៉ាងណាខ្លះឆ្លងកាត់ឧបសគ្គក្នុងការ​សម្រេចបានជោគជ័យដែលតស៊ូផ្ដួលរំលំរបបប្រល័យពូជសាស្រ្ដប៉ុល ពត។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំជំនាន់មុន​ដែលបានដាក់ជីវិតធ្វើជាដើមទុនក្នុងការតស៊ូរំដោះជាតិមាតុភូមិ ហើយឆ្លងតាមការដើរ​៤០​គីឡូ​ម៉ែត្រនេះ កាយសម្បទាគឺជាចំណុចមួយ ប៉ុន្ដែបើមិនមានឆន្ទៈគ្រប់គ្រាន់ និងស្មារតីរឹងមាំ​នោះទេ គឺមិនទទួលជោគជ័យនោះទេ។ សម្រាប់កត្ដាដែលធ្វើឱ្យ៤០គីឡូម៉ែត្រនេះ ទទួលបាន​ជោគជ័យគឺដោយសារតែមានការសាមគ្គីគ្នាជាក្រុម ជួយគ្នាទៅវិញទៅមកក្នុងក្រុម បើទោះបី​ជាមានឧបសគ្គនៅតាមផ្លូវ ឬក្នុងការដើរ៤០គីឡូម៉ែត្រ ដើម្បីពុះពារឆ្ពោះទៅមុខ។

ឯកឧត្តមក៏បានបន្ថែមទៀតថា បន្ទាប់ពីចូលរួមព្រឹត្ដិការណ៍ដើរ៤០គីឡូម៉ែត្រនេះរួច សហភាពសហព័ន្ធយុវជនកម្ពុជា នឹងបន្ដពិនិត្យមមើលសម្រាប់ការចូលរួមកម្មវិធីជាបន្ដបន្ទាប់​ទៀត នាឆ្នាំខាងមុខៗទៀត ដែលការចូលរួមរបស់យុវជន យុវនារីចូលនេះ នឹងទទួលបាន​នូវផលប្រយោជន៍ និងការជួយ​ដាស់តឿនស្មារតី ព្រមទាំងដួងព្រលឹងជាតិខ្មែរដែលចេញ​មក​ពិការរៀនសូត្រប្រវត្ដិសាស្រ្ដ ដើម្បីភាពរុងរឿងទៅអនាគត។

សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ដើរ៤០គីឡូម៉ែត្រនេះ មានអ្នកចូលរួមដើរប្រមាណជាង ៧០០នាក់ ដែលចាប់ផ្ដើមចេញពីវត្ដក្ដុល ស្ថិតក្នុងស្រុកមេមត់ ខេត្ដត្បូងឃ្មុំ ឆ្ពោះទៅកាន់វិមាន អនុស្សាវរីយ៍រណសិរ្យ២ធ្នូ ដែលស្ថិត ក្នុងស្រុកស្នួល ខេត្ដក្រចេះ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា, ថាច់ ផាណារ៉ុង