មិទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨  — កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ​-អន្តរជាតិ​មាន​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​ដើម្បីពិភាក្សា​លម្អិត​ពីភារកិច្ច​ត្រូវ​ត្រៀម​លក្ខណៈ​ រៀបចំមិទ្ទីង​មហាជន​អបអរ​សាទរ​ខួបអនុស្សាវរីយ៍​លើក​៤០ ទិវា​​កំណើត​​រណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា (​២ធ្នូ​ ១៩៧៨​ – ២ធ្នូ​ ២០១៨) ​ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ វង សូត​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អនុប្រធាន​គណៈកម្មការរៀបចំមិទ្ទីង​មហាជន​ ឯកឧត្តម​ ឈិន​ កេតនា​ អនុប្រធាន​អចិន្ត្រៃយ៍​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​រៀបចំបុណ្យជាតិ​-អន្តរជាតិ​​ និង​ជា​អនុប្រធាន​គណៈកម្មការ និង​ឯកឧត្តម​ ញ៉ែម វាលី​ អនុប្រធាន​អចិន្ត្រៃយ៍ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុ​ភូមិ​កម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម ឈិន កេតនា បានមានជម្រាបអង្គប្រជុំអំពីភារ កិច្ចត្រៀមលក្ខណៈរៀបចំមិទ្ទីងមហាជនឱ្យប្រព្រឹត្តទៅយ៉ាងឱឡារិក ប្រកបដោយអត្ថន័យ និងខ្លឹមសារស្របតាមការណែនាំរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ មិទ្ទីងមហាជន អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នឹងប្រារព្ធពិធីនៅវិមានអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ ស្ថិតនៅភូមិ ជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨។ មុននឹងដំណើរ ការមិទ្ទីងមហាជននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នឹងមានរៀបចំពិធីក្រុងពលី និងរបាំថ្វាយ អ្នកតា សូត្រមន្តព្រះសង្ឃ៤០អង្គ និងមានពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមាន អនុស្សាវរីយ៍រណសិរ្ស២ធ្នូ។

ដោយឡែកនៅថ្ងៃទី០១ និងថ្ងៃទី០២ ខែធ្នូ នឹងមានការអុជកាំជ្រួច ការប្រគំតន្ត្រី របស់ក្រុមតន្ត្រីស្រុកស្រែ និងល្ខោនបាសាក់ខេត្តតាកែវ សម្តែងជូនប្រជាពលរដ្ឋចូល រួមទស្សនាកម្សាន្ត។ នៅព្រឹកថ្ងៃទី០២ ខែធ្នូ មុនពេលចាប់ផ្តើមប្រារព្ធមិទ្ទីងមហាជន នឹងមានការប្រគំកំដររបស់ក្រុមតន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ទន្ទឹមនឹងនេះផងដែរ មិទ្ទីងមហាជននឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេច អគ្គ​មហា​ពញាចក្រី ហេង សំរិន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុ​​ជា​ ព្រះសង្ឃរាជាគណៈ ជាគណៈអធិបតី (ជយន្តោ​) និង​សមាជិក សមាជិកា​គណៈ​អចិ​ន្ត្រៃ​យ៍ សមាជិក សមាជិកា​ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា​ តាមក្រសួង ស្ថា-ប័ន រដ្ឋបាលរាជធានី ខេត្ត។​

ជាមួយគ្នានេះដែរអង្គប្រជុំក៏បានធ្វើការបែងចែកភារកិច្ចជូនក្រសួង រដ្ឋលេខាធិការ ដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ដែលក្នុងនោះមាន ក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ​-អន្តរជាតិ​ ក្រសួង​រ៉ែ និង​ថាមពល អនុ​គណៈកម្មការ​ពិធីការ សាសនា ព័ត៌មាន​ សិល្បៈ និង​សោតទស្សន៍ អនុគណៈគណៈកម្មការ​សុខុមាលភាព សង្គ្រោះ​ និង​អនាម័យ​ ក្រសួង​ការពារជាតិ​ ក្រសួង​មហាផ្ទៃ អនុគណៈកម្មការ​ខ្លឹមសារ​ និង​បោះពុម្ព អនុគណៈកម្មការ​ទំនាក់ទំនង​ការបរទេស​ សហភាពសហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម​ និង​សំណង់​ ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​យុវនីតិសម្បទា។​

អនុ​គណៈកម្មការ​ពិធីការ សាសនា ព័ត៌មាន​ សិល្បៈ និង​សោតទស្សន៍ រួមមាន ក្រសួង​ធម្មការ និង​សាសនា ក្រសួង​ព័ត៌មាន​ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។ ដោយឡែក​ ក្រសួង​សុខាភិបាល និង​រដ្ឋបាលរាជធានីភ្នំពេញ​ស្ថិតនៅក្នុង​អនុគណៈគណៈកម្មការ​សុខុ​មាល​ភាព សង្គ្រោះ​ និង​អនាម័យ​។​

អង្គប្រជុំ​បាន​កំណត់​ថា​ គ្រប់​ក្រសួង​ រដ្ឋលេខាធិការដ្ឋាន​ ស្ថាប័ន​ និង​រដ្ឋបាល​រាជធានីខេត្ត​ត្រូវរៀបចំ​គណៈប្រតិភូ​ចូលរួម​ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ​ចំនួន​២០នាក់​ ក្នុង​មួយក្រសួង​ រដ្ឋលេខាធិការដ្ឋាន​ ស្ថាប័ន​ រដ្ឋបាល​រាជធានីខេត្ត​ នៅថ្ងៃទី​០១ ខែ​ធ្នូ​ ឆ្នាំ​២០១៨ វេលាម៉ោង​១៥:០០នាទី ចាត់​កម្លាំងចូលរួម​មិទ្ទីង​២ធ្នូ​ ទាក់ទង​ជាមួយ​អគ្គលេខា​ធិការ​ដ្ឋាន​​ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ​​ ក្នុងការធ្វើ​កម្រង​ផ្កាគោរព​វិញ្ញាណ​ក្ខន្ធ​នៅរសៀល​ថ្ងៃទី​០១ ខែ​ធ្នូ​ ឆ្នាំ ២០១៨ និង​កន្ត្រកផ្កា​សម្រាប់ជូន​សម្តេច​អគ្គមហា​ពញាចក្រី​ ហេង សំរិន​ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិរណសិរ្ស​សាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា​នា ថ្ងៃទី​២ ខែ​ធ្នូ​ ឆ្នាំ ២០១៨​។​ លើ​សពីនេះ​ទៀត​គ្រប់​ក្រសួង​ រដ្ឋលេខាធិការដ្ឋាន​ ស្ថាប័ន​ និង​រដ្ឋបាល​រាជធានីខេត្តដោះស្រាយ​មធ្យោបាយ​​ធ្វើ​ដំណើរ​ ការហូបចុក​ ស្នាក់នៅដោយ​ខ្លួន​ឯង។​

លើសពីនេះទៀត​ រដ្ឋបាល​ខេត្ត​ក្រចេះ​ ខេត្ត​ត្បូង​ឃ្មុំ​ និង​ខេ​ត្ត​មណ្ឌល​គិរី​ សហការ​ការពារ​រក្សា​សន្តិសុខ​ របៀបរៀបរយ​ សណ្តាប់ធ្នាប់សង្គម​ ចរាចរណ៍  ធានាសុវត្ថិភាព​ មុន​ក្រោយ​ និង​ពេល​ប្រារព្ធពិធី​។​ ដោយ​ឡែក​ខេត្តក្រចេះ​ត្រូវ​គ្រប់គ្រង​ថែរក្សា​កម្រង​ផ្កា​ ដែល​ក្រសួង​ រដ្ឋលេខាធិការ​ដា្ឋន​ ស្ថាប័ន​ រដ្ឋបាល​រាជធានី ខេត្ត​ ដាក់នៅវិមាន​អនុស្សាវរីយ៍​ រណសិរ្ស​ ២ធ្នូ​ ក្នុង​រយៈពេល​៣ថ្ងៃ​ គឺ​ចាប់ពីថ្ងៃទី​០១ ដល់ថ្ងៃទី០៣ ខែ​ធ្នូ ឆ្នាំ២០១៨ និង​ដោះស្រាយ​កៅ​អី​៦០០​សម្រាប់​ស្លាប​ឆ្វេងស្តាំវេទិកា​ និង​ដោះស្រាយ​ប៉េងប៉ោង​៤០ចង្កោម​ធំ​សម្រាប់​បង្ហោះ​តាម​កម្មវិធីមិទ្ទីង៕

ដោយ​ ទេស ច័ន្ទសុធារី​