កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ របស់សភាតំបន់អាស៊ី នៅតួកគីពិភាក្សាលើបៀបវារៈសំខាន់ៗចំនួន៧

AKP ភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ — មុនបើកមហាសន្និបាតលើកទី១១ នៃសភាតំបន់អាស៊ី (Asian Parliamentary Assembly/APA) គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាតំបន់អាស៊ី (APA) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិ​​​បត្តិលើកទី២ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងអ៊ីស្តង់ប៊ូល នៃសាធារណរដ្ឋតួកគី។

យោងតាមព័ត៌មានរបស់នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបានឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២ របស់សភាតំបន់អាស៊ី នៅទីក្រុងអ៊ីស្តង់ប៊ុល សាធារណរដ្ឋតួកគី នេះ បានពិភាក្សាលើបៀបវារៈសំខាន់ៗចំនួន៧រួមមាន៖

ទី១- ពិនិត្យ និងស្តាប់របាយការណ៍ នៃកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១។

ទី២ – ពិនិត្យ និងស្តាប់រាយការណ៍ កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ ស្តីពីថវិកា និងផែនការរបស់ APA។

ទី៣- ពិភាក្សា និងផ្តល់អនុសាសន៍ទៅលើសេចក្តីព្រាង សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្រ្តៃយ៍ទទួលបន្ទុកកិច្ចការនយោបាយ និងគណៈកម្មាធិការ អចិន្រ្តៃយ៍ ស្តីពីថវិកា និងផែនការ ដើម្បីដាក់ជូនមហាសន្និបាតអនុម័ត។

ទី៤- ពិនិត្យ និងពិភាក្សាលើ បេក្ខភាព និងជ្រើសរើសអនុប្រធាន APA សម្រាប់ឆ្នាំ២០១៩ ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មការ អចិន្ត្រៃយ៍ទាំង៤ របស់ APA ដែលមានគណៈកម្មាធិការអចិន្តៃ្រយ៍ ស្តីពីកិច្ចការនយោបាយ, គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព គណៈកម្មាធិការ អចិន្រ្តៃយ៍ ស្តីពីការសង្គម និងវប្បធម៌ និងគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីថវិកា និងផែនការរបស់ APA។

ទី៥- ការពិនិត្យលើបេក្ខភាព សភាប៉ាហ្គីស្ថានធ្វើជាប្រធានសភាតំបន់អាស៊ីសម្រាប់ឆ្នាំ២០២០-២០២១។ ទី៦ – ការពិនិត្យលើសេចក្តីព្រាងសេចក្តីសម្រេចដើម្បីដាក់ជូនមហាសន្និបាតលើកទី១១ និងទី៧- ពិនិត្យ និងអនុម័តរបៀបវារៈ​និងកម្មវិធីសម្រាប់មហាសន្និបាតលើកទី១១។

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី២នេះ ក៏ត្រូវបានអង្គប្រជុំជ្រើសរើសឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ធ្វើជាអនុប្រធានដឹកនាំ កិច្ចប្រជុំនេះផងដែរ៕

ដោយ ប៉ាល់ សុង