ក្រុមយុវជនបញ្ចប់ដំណើរដោយថ្មើរជើងចម្ងាយ៤០គីឡូម៉ែត្រទៅកាន់កន្លែងបង្កើតចលនាតស៊ូរំដោះជាតិ

វិទ្យុជាតិកម្ពុជា៖ អត្ថបទលោកវ៉ាង ភក្តី និងកញ្ញា ទុយសូលីដា សម្រួលដោយលោកជំទាវ ឈឹមពៅសុកាន់ឌី
ភ្នំពេញ៖ ក្រុមយុវជនប្រមាណជាង៧០០នាក់ បានបញ្ចប់ការធ្វើដំណើរដោយថ្មើរជើងក្នុងរយៈចម្ងាយផ្លូវ៤០គីឡូម៉ែត្រទៅកាន់តំបន់ប្រវត្តិសាស្ត្រ នៃការបង្កើតចលនាតស៊ូរំដោះជាតិពីរបបប្រល័យពូជ​សាសន៍របស់វីរជន​ស្នេហាជាតិកាលពី៤០ឆ្នាំមុន។

ក្រុមយុវជនទាំងនេះ បានស្រែកជ័យឃោសជាមួយពាក្យស្លោក«ខ្ញុំធ្វើបាន» ក្រោយពីបញ្ចប់ការធ្វើដំណើរលើគន្លង​ផ្លូវគ្រប់ស្ថាន​ភាព​ក្នុងរយៈចម្ងាយផ្លូវ៤០គីឡូម៉ែត្រ ដែលចេញពីវត្តក្តុល ក្នុងទឹកដី ខេត្តត្បូងឃ្មុំ ដល់តំបន់ព្រំដែនកម្ពុជា-វៀតណាម និងមកបញ្ចប់នៅវិមាន២ធ្នូ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ដែលជាកន្លែងប្រារព្ធពិធី​អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ កំណើតរណសិរ្ស២ធ្នូ ដោយនឹងមានការចូលរួមពីថ្នាក់ដឹកនាំពីគ្រប់ស្ថាប័ន មន្ត្រីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា ប្រមាណ២ម៉ឺននាក់ ដើម្បីរំឭកពីប្រវត្តិសាស្ត្រ​នៃចលនាមហាសាមគ្គីជាតិ ក្នុងការតស៊ូរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌​មាននៃ​ក្រសួងព័ត៌មាន ដែលបានចូលរួមដើរលើគន្លងផ្លូវទៅកាន់តំបន់ប្រវត្តិសាស្ត្រនេះ មានប្រសាសន៍ថា ការដើររួមគ្នាជា​ក្រុមរបស់យុវជន​កម្ពុជាបានជួបនូវស្ថានភាពផ្លូវតាមភូមិ ផ្លូវគ្រោះក្រហម ផ្លូវរអិល ផ្លូវភក់ កាត់ព្រៃ កាត់ខ្សែក្រវ៉ាត់ព្រំដែន​កម្ពុជា និងវៀតណាមជាដើម។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ការរួមគ្នាដើរ​លើគន្លង​​ផ្លូវទៅកាន់តំបន់ប្រវត្តិសាស្ត្រ៤០ឆ្នាំមុននេះ ក្នុងគោលបំណងឱ្យយុវជនគិតត្រឡប់ទៅអតីតកាល ដែលថ្នាក់ដឹក​នាំរបស់កម្ពុជាបានលួចឆ្លងកាត់វាលនេះទាំងយប់ ទាំងថ្ងៃ ដោយមិនដឹងទាំងស្លាប់ ឬរស់ផង ក្នុងបុព្វហេតុស្វែងរកការ​រំដោះជាតិ មាតុភូមិ ចេញពីក្រញ៉ាំខ្មែរក្រហម។ ឯកឧត្តម បានបង្ហាញអារម្មណ៍ថា ទោះបីជាហត់អស់កម្លាំងក៏ពិតមែន ប៉ុន្តែសប្បាយចិត្តដោយបានដើរនៅលើផ្លូវមួយដែលមិនមានគ្រាប់មីន និងនៅក្នុងកាល:ទេស:មួយដែលប្រទេស​​មានសន្តិភាព។

យុវជន ទូច ប៊ុណ្ណារ័ត្ន មកពីខេត្តកោះកុងដែលចូលរួមដើរជាក្រុម ដែរនោះ បានបញ្ចេញទស្សនថាការដើររបស់យុវជននា​​ពេលនេះ មិនដូច​ការដើររបស់វីរបុរសខ្មែរក្នុងគ្រាដើរតស៊ូកាត់ព្រៃបន្លា ឆ្លងអូរ ដើម្បីរំដោះជាតិមាតុភូមិនោះទេ។

សូមបញ្ជាក់ថា អ្នកចូលរួមថ្មើរជើងនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ដោយត្រូវបានបែងចែកជាក្រុម ដោយក្រុមបុរសត្រូវធ្វើដំណើរនៅលើដងផ្លូវមួយ ដែលមានចម្ងាយ ៤០គីឡូម៉ែត្រ និងក្រុមនារី អាចដើរក្នុងចម្ងាយផ្លូវ ២០ក៏បាន ឬ ៤០គីឡូម៉ែត្រក៏បាន ដោយមាន ស្ពាយនូវកាបូប សាក់កាដូ អាហារបម្រុង ថ្នាំពេទ្យ ពិល មួក ខោអាវភ្លៀង ជា​ដើម ដើម្បីបង្ហាញពីការរួបរួមគ្នាក្នុងគ្រាលំបាក និងគ្រាសុខសាន្ត។

សកម្មភាពយុវជនដើរទៅកាន់តំបន់ប្រវត្តិសាស្ត្រ នៃការបង្កើតចលនាតស៊ូរំដោះជាតិ
ក្រុមយុវជនថតរូបអនុស្សាវរីយ៍ ពេលទៅដល់តំបន់ប្រវត្តិសាស្ត្រ នៃការបង្កើតចលនាតស៊ូរំដោះជាតិ
ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ផ្តល់បទសម្ភាសជាមួយអ្នក​​យកព័ត៌មាន​វិទ្យុជាតិកម្ពុជា

ជាមួយគ្នានេះ ដើម្បីស្វែងយល់ពីកម្រិតសមត្ថភាពនៃការតស៊ូ ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់​ស្តែង​របស់​វីរជន​ស្នេហាជាតិ ដែលប្រសូត្រចេញពីចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ ឆ្នាំ១៩៧៨ ចំពោះបុព្វ​ហេតុ​នៃ​​ការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ឱ្យចាកផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជ​សាសន៍ និងនាំមកនូវ ការកសាង និងអភិវឌ្ឍន៍សង្គមជាតិនៅគ្រប់ទិសទី ធ្វើឱ្យមាតុភូមិកម្ពុជាមាន​ការប្រែប្រួលមុខ​មាត់ថ្មី​ជា​បន្តបន្ទាប់ គួរឱ្យមានមោទនភាពលើឆាកអន្តរជាតិ៕