មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង គ្រោងប្រែក្លាយបឹងធម្មជាតិវាលរំពេឲ្យ ទៅជារមណីយដ្ឋានទាក់ទាញនាពេលខាងមុខ

វិទ្យុជាតិកម្ពុជា​៖​ដោយ​ អ៊ី កនិកា៖

  មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងគ្រោងប្រែក្លាយបឹងធម្មជាតិវាលរំពេឲ្យទៅជារមណីយដ្ឋានទេសចរណ៍ប្រកបដោយភាពទាក់ទាញនាពេលខាងមុខ ខណៈដែលតំបន់នេះ មានសក្តានុពលធម្មជាតិជាច្រើនសម្រាប់បង្អួតភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

   លោកអន ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា  បឹងធម្មជាតិវាលរំពេនៅក្នុងខេត្តស្ទឹងត្រែងនេះ ជាតំបន់រមណីយដ្ឋានដែលមានសក្កានុពលធំធេង ព្រោះវា ប្រមូលផ្តុំដោយសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ទេសចរណ៍ផ្សងព្រេង ដែល មានការទាក់ទាញសម្រាប់ភ្ញៀវ ទេសចរជាតិនិងអន្តរជាតិ។  

លោកប្រធានមន្ទីរបានបន្តថា មន្ទីរទេសចរណ៍ខេត្តនេះត្រៀមសហការជាមួយស្ថាបន័ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយជាតំបន់រមណីយដ្ឋានទេសចរណ៍ ភូមិវប្បធម៌ជនជាតិដើមភាគតិច ដែលជាទីកម្សាន្តដ៏ល្អប្រណិតបែបធម្មជាតិប្រចាំខែត្រនេះ។

លោកបញ្ជាក់ថា កន្លេងមកនេះមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងនិងអជ្ញាធរស្រុកបានចុះទៅមើលជាក់ស្តែងនៅទីតំាងទីវាលបឹងរំពេលនេះ ហើយបានបែងចែកជា២គឺបឹងវាលរំពេតូចនិងបឹងវាលរំពេធំនិងទំនប់ទឹកអូរពួក ស្ថិតនៅឃុំកំភុន ដែលនៅជាប់កំណាត់ផ្លូវជាតិផ្លូវជាតិលេខ៧៨ ស្ទឹងត្រែង-រតនគិរី។

សូមបញ្ជាក់ថា បឹងធម្មជាតិវាលរំពេតូចមានទំហំផ្ទៃដីប្រហែលជាង២១ហិកតា ចំណែកបឹងធម្មជាតិវាលរំពេធំមានផ្ទៃដីជាង៧៨ហិកតា គ្រប់ដណ្តប់ដោយព្រៃឈើក្រាស់ៗ ម្លប់ត្រឈឹងត្រឈៃ មានសត្វស្លាប និងលំនៅដ្ឋានអ្នកភូមិជនជាតិដើមភាគតិចផងដែរ៕