ព្រឹទ្ធសភាកម្ពុជាគាំទ្រឲ្យរាជរដ្ឋាភិបាលធ្វើបត្យាប័នអ្នកទោសជាមួយសហព័ន្ធរុស្ស៊ី

វិទ្យុជាតិកម្ពុជា៖ ដោយលោកចេម ហួត

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជាបានគាំទ្រឲ្យរាជរដ្ឋាភិបាលធ្វើបត្យាប័នអ្នកទោសជាមួយសហព័ន្ធរុស្ស៊ី ដែលជា ចំណែកមួយចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែនក្នុងក្របខណ្ឌទ្វេភា​គីនិងអន្តរជាតិ។

បន្ទាប់ពីបញ្ចប់សម័យប្រជុំលើកទី២ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិប​តី​ភាព​​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកាលពីថ្ងៃទី២៩ខែវិច្ឆិកាម្សិលមិញនេះ ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកព្រឹទ្ធសភាបានប្រាប់អ្នកសាព័ត៌មានថា អង្គព្រឹទ្ធសភាបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងកម្ពុជានិងសហព័ន្ធរុស្ស៊ីទាំងមូល ដោយឥតកែប្រែចំនួន ៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលដើម្បីបើកផ្លូវឲ្យរាជរដ្ឋាភិបាលកម្ពុជា និងរុស្ស៊ី

ចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន ការជួញដូរមនុស្សពិសេសស្ត្រីនិងកុមារ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្មការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងអំពើពុករលួយ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ បានមានប្រសាសន៍ថា បន្ទាប់ច្បាប់នេះ បានដាក់ឲ្យប្រើប្រាស់រួចហើយនោះ នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មដោយឈរលើគោលការណ៍ គោរពនូវអធិបតេយ្យភាព សមភាព និងមានផលប្រយោជន៍ទៅវិញទៅមក និងជាផ្នែកមួយ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ។

ឯកឧត្តមបញ្ជាក់ថា ឧក្រិដ្ឋកម្មឆ្លងដែន ជាបញ្ហារួមរបស់ពិភពលោក ដោយវាជាបទល្មើសមានលក្ខណៈសកលនិងជាប្រព័ន្ធ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអន្តរ​ជាតិ តាមរយៈការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ការធ្វើបត្យាប័ននិងការផ្ទេរទណ្ឌិត។

សូមបញ្ជាក់ថា សន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ ចុះហត្ថលេខា កាលពីខែកុម្ភៈ ឆ្នាំ២០១៧នៅរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ីដោយព្រមព្រៀងធ្វើបត្យាប័នទៅភាគីម្ខាងទៀតនូវជនទាំងឡាយណាដែលត្រូវបានរកឃើញនៅលើទឹកដីនៃភាគីណាមួយ ហើយកំពុងត្រូវគេតាមចាប់ខ្លួនដើម្បីធ្វើការចោទប្រកាន់ ធ្វើការជំនុំជម្រះក្តី ឬអនុវត្តទណ្ឌកម្មតាមទោសកំណត់នៅលើទឹកដីរបស់ភាគីម្ខាងទៀត​ចំពោះបទល្មើសណាមួយ៕