លោកម៉ាហាធាព្រមានប្រជាជនម៉ាឡេស៊ីកុំឱ្យរំលោភបំពានសេរីភាពនៃការបញ្ចេញមតិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (៣០.១១.១៨)

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ម៉ាហាធា ម៉ូហាម៉ាត់បានព្រមានប្រជាជនម៉ាឡេស៊ីកុំឱ្យរំលោភបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិបន្ទាប់ពីមានបាតុកម្មមួយបានកើតឡើងនៅជិតប្រាសាទហិណ្ឌូក្នុងរដ្ឋសឺឡាង់ហ្ករ កាលពីដើមសប្តាហ៍នេះ។

កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋសភាលោក ម៉ាហាធាបាននិយាយថាខណៈពេលដែលរដ្ឋាភិបាលជៀសវៀសការគៀបសង្កត់លើប្រព័ន្ធទំនាក់ទំនងនិងសេរីភាពសារព័ត៌មានដូច្នេះសិទ្ធសេរីភាពនេះត្រូវតែប្រើជាមួយទំនួលខុសត្រូវខ្ពស់និងមិនកេងប្រវ័ញ្ចលើកាលៈទេសៈណាដែលអាចនាំឱ្យមានការបែកបាក់គ្នារវាងជាតិសាសន៍នៃប្រទេសខ្លួនឡើយ។

លោកបានធ្វើអត្ថាធិប្បាយនេះនៅពេលឆ្លើយបំភ្លឺដល់សមាជិកសភាទាក់ទងនឹងបាតុកម្មដែលបានកើតឡើងនៅជិតប្រាសាទហិណ្ឌូ ក្នុងរដ្ឋសឺឡាង់ហ្ករ កាលពីព្រឹកថ្ងៃចន្ទនិងថ្ងៃអង្គារ ។ ក្នុងអំឡុងពេលនៃហេតុការណ៍នេះ មានរថយន្ត ២៣គ្រឿងត្រូវបានដុតបំផ្លាញ និងផ្នែកមួយនៃផ្សារទំនើបមួយកន្លែង​បានរងការខូចខាតហើយអ្នកពន្លត់អគ្គីភ័យម្នាក់ក៏ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។