សម្ដេចតេជោហ៊ុនសែនជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហោ​ សេងគ្រី​៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះបានជួបពិភាក្សាការងារជាមួយឯកឧត្ដម ខាត់ ហ្គា ប្រាសាទ ស្សាម៉ា អូលី (Khadga Prasad Shama Oli)នាយករដ្ឋមន្ត្រីនៃប្រទេសនេប៉ាល់។ 

នៅក្នុងជំនួបនេះ ឯកឧត្ដម នាយករដ្ឋមន្ត្រីនេប៉ាល់បានចាត់ទុក ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោពិតជាមានសារៈសំខាន់នៅក្នុង ប្រវត្តិសាស្ត្រ ព្រមទាំង បានចាត់ទុក ទំនាក់ទំនងទ្វេភាគីរវាងប្រទេសនេប៉ាល់និងប្រទេសកម្ពុជា គឺមានលក្ខណៈស្និទ្ធស្នាល និងជាលក្ខណៈមិត្តភាព។ ឯកឧត្ដម បានមានមានប្រសាសន៍បន្តថាប្រទេសយើងទាំងពីរបានចាប់ផ្ដើមមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ១៩៧៥ មកម្លេះ លោកក៏បានកត់សម្គាល់អំពីស្ថិរភាពនយោបាយកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោជានាយករដ្ឋមន្ត្រី ហើយឯកឧត្ដម ក៏បានអបអរសាទរផងដែរចំពោះគណបក្សប្រជាជនកម្ពុជាដែលបានជាប់ឆ្នោតដោយសំឡេងច្រើនកន្លងមក ទន្ទឹមនឹងនេះឯកឧត្ដម ក៏បានមើលឃើញពីការរីកចំរើនជាច្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែក្លាយពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ទៅជាប្រទេសដែលមានការអភិវឌ្ឍមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន។ ឯកឧត្ដម ក៏បានជំរាបជូនសម្តេចតេជោអំពីការវិវឌ្ឍរបស់ប្រទេសនេប៉ាល់កន្លងមកនេះ ជាពិសេសការបោះឆ្នោតដោយលទ្ធិប្រជាធិបតេយ្យក្នុងការបង្កើតប្រព័ន្ធសហព័ន្ធសាធារណៈនៅឆ្នាំ២០១៧កន្លងមកនេះ ដែលធ្វើឲ្យប្រទេសនេប៉ាល់មានស្ថិរភាព និងបានប្រែក្លាយប្រទេសគាត់អោយមានការរីកចំរើនជាលំដាប់ដោយឈរលើគោលការណ៍មួយចំនួន ដូចជាអភិបាលកិច្ចល្អ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនេប៉ាល់រស់នៅមានភាពល្អប្រសើរ។ 

ការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាសម្តេចពិតជាអរគុណចំពោះឯកឧត្ដមនាយកមន្ត្រីនេប៉ាល់ ដែលបានផ្តល់កិត្តិយសដល់ម្ដេចអញ្ជើញបំពេញទស្សនកិច្ច ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ជាពិសេសអរគុណក្នុងជំនួបជាមួយឯកឧត្ដម នាយករដ្ឋមន្ត្រីនេប៉ាល់កាលពីខែកញ្ញា ២០១៨ នៅទីក្រុងញូវយ៉ក ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ។

 

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថាក្នុងជំនួបទ្វេភាគីនេះចាត់ទុកថាឆ្នាំ២០១៩ ខាងមុខនេះគឺជាខួបលើកទី៥៥ផងដែរនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។សម្តេចតេជោក៏បានអរគុណដល់លោកនាយកមន្ត្រីនេប៉ាល់ ដែលបានផ្ញើសារអបអរសាទរខួប៦៥ឆ្នាំនៃបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជាកន្លងទៅថ្មីៗនេះ និងអរគុណចំពោះឯកឧត្ដម នាយករដ្ឋមន្ត្រីនេប៉ាល់ ដែលបានផ្ញើសារចំពោះភាពជោគជ័យរបស់គណបក្សប្រជាជនដែលជាប់ឆ្នោតកន្លងមកនេះ។សម្ដេចតេជោបានមានប្រសាសន៍បន្តថា តាមពិតសម្ដេចចង់មកទស្សនៈកិច្ចនៅប្រទេសនេប៉ាល់យូរមកហើយ ប៉ុន្តែមិនអាចឆ្លៀតពេលបាន។ប្រទេសនេប៉ាល់នេះគឺជាប្រទេសទីកន្លែងកំណើតដែលព្រះពុទ្ធបានប្រសូត សម្តេចក៏អរគុណប្រទេសនេប៉ាល់ផងដែរ ដែលបានបានផ្ដល់ដីសម្រាប់សង់ប្រាសាទ និងវត្តនៅប្រទេសនេប៉ាល់នេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានឆ្លងកាត់នូវការលំបាកជាច្រើនជាពិសេសឆ្លងកាន់សម័យសង្រ្គាមរហូតដល់សម័យប្រល័យពូជសាសន៏ ប៉ុន្តែអ្វីដែលសំខាន់កម្ពុជាបានសង្គ្រោះជាតិឡើងវិញ ហើយសម្តេចបានជំរាបជូនលោកនាយករដ្ឋមន្ត្រីនេប៉ាល់ថា ឆ្នាំនេះកម្ពុជានឹងប្រារព្ធខួប២០ឆ្នាំ នៃការអនុវត្តន៍នយោបាយឈ្នះឈ្នះ ក្នុងការបង្រួបបង្រួមជាតិ ការបញ្ចប់សង្គ្រាម ពីប្រទេសដែលមានតំបន់ត្រួតត្រាច្រើនមកជាប្រទេសដែលមានតំបន់ត្រួតត្រា១ រដ្ឋាភិបាលតែមួយ  រដ្ឋធម្មនុញ្ញតែមួយ និងទទួលបាននូវសុខសន្តិភាព។ ជាមួយគ្នានោះ សម្តេចតេជោ ក៏បានសំដែងការអបអរសាទរចំពោះប្រទេសនេប៉ាល់ដែលទទួលបាននូវមានសុខសន្តិភាព ក្នុងនោះសម្ដេចតេជោក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងការផ្លាស់ប្តូរមតិគ្នាធ្វើយ៉ាងណាអោយប្រទេសទាំងពីរមានផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្តែមទៀត។

ចំពោះទំនាក់ទំនងទ្វេភាគីវិញសម្ដេចតេជោក៏បានមានប្រសាសន៍ថា កម្ពុជានឹងបើកស្ថានទូតនៅទីក្រុងកដ្ឋមណ្ឌូប្រទេសនេប៉ាល់ ហើយប្រទេសនេប៉ាល់អាចបង្កើតស្ថានទួតនៅទីក្រុងភ្នំពេញផងដែរ។ 

បន្ទាប់មកឯកសារសំខាន់ៗចំនួន៤ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងនេប៉ាល់ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នៅប្រទេសនេប៉ាល់ ជាទីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាកំពុងបំពេញទស្សនកិច្ច។

ឯកសារទាំង៤ដែលបានចុះហេត្ថលេខានោះរួមមាន៖ការលើកលែងទិដ្ឋាការ (Visa) សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ, កិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស, អនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌៕