វិស័យសំណង់នៅកម្ពុជាបន្តរីកចំរើនឥតឈប់ឈរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ អ៊ឹម ភិរក្សនារីតនៈ ៖​ 

រដ្ឋមន្រ្តីក្រសួងដែនដីបានអះអាងថាវិស័យសំណងនៅកម្ពុជាបន្តមានការរីកចំរើនឥតឈប់ឈរ ដែលជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋជាច្រើន នាក់។ 

        ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែង ក្នុងពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៨  នៅព្រឹក ថ្ងៃទី២៩ ខែវិច្ចកានេះថា ការរីកចំរើននៃវិស័យសំណង់នៅកម្ពុជានេះ ដោយសារតែទីផ្សារអចលទ្រព្យល្អ រួមទំាងមានស្ថេរភាពនយោបាយហើយរាជរដ្ឋាភិបាលកម្ពុជាបានបង្កលក្ខណៈសម្បត្តិគ្រប់បែបយ៉ាងដល់វិនិយោគិនទំាងក្នុងស្រុកនិងក្រៅប្រទេស។ឯឧ.បានបញ្ជាក់ថា ភាពរីកចំរើននៃវិស័យសំណង់ ដែលរីចំរើនខ្លាំងបានបង្ហាញឱ្យឃើញតាមរយៈមានអគារខ្ពស់ៗ ទីក្រុងរណប អគារពាណិជ្ជកម្ម  អគារស្នាក់នៅរួម សណ្ឋាគារនិងខុនដូប្រណិតៗ ដែលត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់ ។

ក្នុងរយៈពេល៩ខែកន្លងមកនេះ គម្រោងវិនិយោគមកពីបរទេសចំនួន៣៣ គម្រោងនិងមានទុនវិនិយោគជាង៤៨៤លានដុល្លាអាមេរិក មកពីប្រទេសជាង១០ ក្នុងនោះប្រទេសចិន ឈរលេខរៀងទី១។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាបានផ្តល់លិខិតអនុញ្ញាតក្នុងគម្រោងសាងសង់រហូតដល់ជាង៣៤០០គម្រោងជាមួយនឹងទុនវិនិយោគរហូតដល់ជាង៦៧០០លានដុល្លា៕