អង្គការយូណេស្កូធ្វើឱ្យពិភពលោកដឹងកាន់តែច្បាស់ថា «ល្ខោនខោល» ជារបស់កម្ពុជាតែមួយគត់

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា បង្ហាញពីការសប្បាយចិត្ត ក្រោយពីអង្គការយូណេស្កូ បានធ្វើឱ្យពិភពលោកដឹងកាន់តែច្បាស់ថា «ល្ខោនខោល» ជារបស់បុព្វបុរសខ្មែរតែមួយគត់ ដោយមិនអាចមានបរទេសណាមកចម្លង និងលួចបន្លំធ្វើជាសម្បិត្តខ្លួនបាននោះឡើយ។
ល្ខោនខោលកម្ពុជា ត្រូវបានអង្គការយូណេស្កូ ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស ដោយគណៈប្រតិភូកម្ពុជាមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកចូលរួម និងឡើងការពារពីសំណើសុំដាក់បញ្ជូលនេះ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការអបអរសាទរជាមួយប្រជាពលរដ្ឋកម្ពុជា បន្ទាប់ពីល្ខោនខោលរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូ សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូបរួមគ្នាចូលរួមអប់អរសាទរ តាមរយៈការវាយគង ទូងស្គរ ទះប៉ោត គោះត្រឡោក និងតាមគ្រប់មធ្យោបាយ ដែលខ្លួនមាន នៅម៉ោង១០យប់ នាថ្ងៃទី៣០ ខែវិច្ឆិកា នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមទាំងទីវត្តអារាមផងដែរ។
ចំណែកអ្នកនាង ខាត់ សុឃីម សិល្បការិនីផ្នែកតន្ត្រី និងសិល្បៈ បានថ្លែងសម្តែងក្តីរំជួលចិត្តយ៉ាងខ្លាំង នៅពេលល្ខោនខោលកម្ពុជា ធ្វើឱ្យឱ្យពិភពលោក កូនខ្មែរជំនាន់ក្រោយ បានដឹងច្បាស់ថា ជាទម្រង់សិល្បៈអរូបីរបស់ខ្មែរពិតប្រាកដ។ សិល្បការិនីរូបនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ពិសេសយុវជនកម្ពុជា ចូលរួមថែរក្សា និងលើកស្ទួយល្ខោនខោលឱ្យនៅស្ថិតថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ខណៈមានប្រទេសជិតខាងមានការខកចិត្តនឹងការលួចយកសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាមិនបាន។
ល្ខោនខោល ជាប្រភេទល្ខោនយ៉ាងចំណាស់មួយក្នុងចំណោមទម្រង់សិល្បទស្សនីយភាពនៅកម្ពុជា ដែលមាននៅដើមសម័យអង្គរក្នុងរឿងរាមកេរ្តិ៍ ដោយមានពាក់មុខខ្មុកសម្តែង អមដោយពំនោលសាច់រឿង និងកំដរដោយភ្លេងពិណពាទ្យ។
បើតាមលោកសាស្ត្រាចារ្យ ព្រាប ចន្ទម៉ារ៉ា ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យបុរាណវិទ្យា និងជាគ្រូបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថា ល្ខោនខោលរបស់កម្ពុជា មានក្នុងសិលាចរិកតាំងពីសតវត្សរ៍ទី១០មកម្លេះ ដោយក្នុងសម័យបុរាណ គេអាចហៅបានពីរ គឺជួនកាលគេ ហៅល្ខោនភានី និងជួនកាលគេ ហៅល្ខោនខោល។ លោកសាស្ត្រាចារ្យ មានប្រសាសន៍ថា ការទទួលស្គាល់ពីអង្គការយូណេស្កូនេះ មិនត្រឹមតែបង្ហាញឱ្យពិភពលោកស្គាល់ថា ជារបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយជំរុញដល់ស្មារតីយុវជនកម្ពុជាឱ្យមានការស្រលាញ់ និងចូលរួមថែរក្សា អភិរក្សបេតិកភណ្ឌវប្បធម៌អរូបីដ៏មានតម្លៃនេះផងដែរ។ ជាមួយគ្នានេះ ក៏លើកតម្លៃប្រជាជននៅក្នុងសហគមន៍វត្តស្វាយអណ្តែត ដែលជាក្រុមតែមួយគត់បានថែរក្សាសិល្បៈល្ខោនខោលនេះមិនឱ្យបាត់បង់រហូតដល់បច្ចុប្បន្ន។
យុវជន យុគ សភា និស្សិតផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ការទទួលស្គាល់ល្ខោនខោលកម្ពុជាពីអង្គការយូណេស្កូនាពេលនេះ នឹងធ្វើឱ្យយុវជន ស្គាល់ពីតម្លៃពិតនៃសិល្បៈវប្បធម៌ខ្មែរដែលមានពីយូរលង់ណាស់មកហើយ។
ដូចគ្នានេះ យុវតី ធាន គីមឡេង ដែលជានិស្សិតផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែរនោះ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ជាមួយការបញ្ចប់មន្ទិលសង្ស័យរបស់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បន្ទាប់ពីកន្លងមកតែងតែកើតមានជម្លោះដណ្តើមគ្នាថាជារបស់ប្រទេសណាមួយ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា បេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ជាតិកម្ពុជា បានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិ ព្រមទាំងជាតួអង្គមួយដ៏លេចធ្លោនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។
គិតមកទល់បច្ចុប្បន្ន អង្គការយូណេស្កូ បានដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌រូបី និងអរូបីរបស់ កម្ពុជា ជាសម្បត្តិវប្បធម៌ពិភពលោក និងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមានដូចជា៖ តំបន់ អង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោល៕