សមាគមទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ី៖ ម៉ាឡេស៊ីចាប់ផ្តើមកែលម្អលក្ខខណ្ឌជ្រើស រើសពលករបរទេសទៅធ្វើការក្នុងប្រទេសរបស់ខ្លូ​ន

AKP ភ្នំពេញ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ — សមាគមទីភ្នាក់ងារជ្រើសរើសពលករម៉ាឡេស៊ី បានប្រាប់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈកម្ពុជាឱ្យដឹងថា ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើម កែលម្អលក្ខខណ្ឌ និងនីតិវិធី ក្នុងការជ្រើសរើសពលករបរទេសទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី។ការអះអាងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម អ៊ិត សំហេង រដ្ឋ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយសមាគមទីភ្នាក់ងារជ្រើសរើសពលករ ម៉ាឡេស៊ីចំនួនបី កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការងារ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនោះ ឯកឧត្តម ហ៊ូ វុឌ្ឍី​ អនុរដ្ឋលេខាធិការ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមាន​ប្រសាសន៍ថា លក្ខខណ្ឌការងារដែល​ភាគីម៉ាឡេស៊ីផ្លាស់ប្តូរថ្មី រួមមាននីតិវិធីក្នុងការជ្រើស​រើសពលករ និងការដំឡើងប្រាក់ឈ្នួល ខ្ពស់​ជាងមុន ដើម្បីទាក់ទាញពលករបរទេស ពិសេស​ពលករកម្ពុជា ឱ្យទៅធ្វើការនៅប្រទេស ម៉ាឡេស៊ីឱ្យកាន់តែច្រើនថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា នីតិវិធីក្នុងការជ្រើសរើសពលករ ថ្មីនេះគឺពលករមិនចាំបាច់ចំណាយពេលវេលាយូរ​ដូចមុនទេ ពោលគឺឱ្យតែភាគីម៉ាឡេស៊ី ត្រូវ ការពលករ គឺអាចបញ្ជូនទៅធ្វើការបាន ខណៈកាល​ពីមុនពលករត្រូវមានកិច្ចសន្យាការងារ និងបំពេញបែបបទផ្សេងៗទៀត ទើបអាចបញ្ជូនទៅ​បានត្រូវប្រើពេលយូរ។ ឯកឧត្តមបាន លើកឡើងថា ម៉ាឡេស៊ីបានដំឡើងប្រាក់ឈ្នួលដល់ ពលករបរទេសដែលទៅធ្វើការនៅ ម៉ាឡេស៊ីប្រមាណជាង៣០០ដុល្លារក្នុង១ខែ ដើម្បីឱ្យពលករទទួលបាននូវប្រាក់ចំណូលខ្ពស់ ជាងមុនក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ និងផ្ញើត្រឡប់ មកស្រុកកំណើតផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ិត សំហេង បានស្នើឱ្យសមាគមទីភ្នាក់ងារជ្រើសរើស​ពលកររបស់ម៉ាឡេស៊ីទាំងបីសហការជាមួយទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ត្រូវធ្វើការរួម​គ្នាជាឯកច្ឆ័នក្នុងសំឡេងតែមួយជាមុនសិនពាក់ព័ន្ធទៅនឹងលក្ខខណ្ឌការងារថ្មីៗ បន្ទាប់ពីបាន​លទ្ធផលហើយក្រុមការងារបច្ចេកទេស នៃប្រទេសទាំងពីរត្រូវពិភាក្សាគ្នាឡើងវិញលើកិច្ចការ ងារ​ទាំងនេះ មុននឹងដាក់ជូនរដ្ឋមន្ត្រីប្រទេសទាំងពីរសម្រេចជាចុងក្រោយ។ ក្នុងនាមរាជរដ្ឋាភិ​បាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីបានអះអាងថា ក្រសួងនៅតែរក្សាចំហទៅតាមកិច្ច​ព្រមព្រៀង​លើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានព្រមព្រៀងជាមួយគ្នាកន្លងមក លើការជ្រើស រើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលទាំងពីរបានព្រមព្រៀងជាមួយគ្នារួចហើយ។ ទន្ទឹមនេះកិច្ចព្រមព្រៀងនេះគឺជា ឯកសារផ្លូវការស្របច្បាប់ ដែលក្លាយជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវិស័យការងារកាន់ តែប្រសើរថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ប្រាក់ឈ្នួលនៅកម្ពុជាក៏មានការកើន​ឡើងខ្ពស់ ដូច្នេះខាងម៉ាឡេស៊ីត្រូវផ្តល់ផលប្រយោជន៍ដល់ពលករកម្ពុជា តាមរយៈប្រាក់ឈ្នួល ខ្ពស់ និងលក្ខខណ្ឌការងារល្អ ទើបអាចទាក់ទាញពលករកម្ពុជា ចេញទៅធ្វើការនៅទីនោះ បាន។ ដោយឡែកចំពោះប្រទេសដែលជាគោលដៅប្រកួតប្រជែងក៏មានច្រើនផងដែរ ដូចជា​កូរ៉េ ជប៉ុន សិង្ហបុរី និងប្រទេសថៃជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ទីភ្នាក់ងារជ្រើសរើសពលករឯកជនរបស់កម្ពុជាដែល ទទួលបានកាអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានចំនួន ១០៣ ដើម្បី ធ្វើការជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅបរទេស។ ក្នុងនោះប្រទេសម៉ាឡេស៊ី មានចំនួន ៦៩ ក្រុមហ៊ុន ដោយគិតត្រឹម ខែតុលា ឆ្នាំ២០១៨៕

ដោយ ប៊ុន រិទ្ធ